ភ្នំពេញ: លោកងួន រតនា ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០២២ បានប្រកាសសាលដីកា តម្កល់ទោស ក្រុមយុវជន ខ្មែរថាវរ: និង សកម្មជន នៃ អតីតគណបក្សសង្គ្រោះជាតិចំនួន ១០ នាក់ ជាប់គុក ក្នុងម្នាក់ៗ កំណត់២០ ខែ ដដែល ជាប់ពាក់ព័ន្ធនឹងបទល្មើស ញុះញ៉ង់ ប្រព្រឹត្ត នៅក្នុងរាជធានីភ្នំពេញ កាលពីឆ្នាំ ២០២០។
លោកចៅក្រមងួន រតនា បានថ្លែងអោយដឹងក្នុង អង្គសវនាការថា: ជនជាប់ចោទ ខាងលើនេះ មានឈ្មោះ: ហ៊ុន វណ្ណៈ, ឈឿន ដារ៉ាវី, អេង ម៉ាឡៃ, កើត សារ៉ាយ , ថា ឡាវី , មាន ព្រំមុន្នី, មួង សុភ័ក្រ, គង់ សំអាន, ជុំ ពុទ្ធី និងលោក ឈួរ ផេង។
ពួកគេត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២០ កាត់ទោស ដាក់ពន្ធនាគារ ក្នុងម្នាក់ៗ កំណត់ ២០ខែ តែទោសអនុវត្តនៅក្នុងពន្ធនាគារ ត្រូវបានព្យួរទោស ពី៥ខែទៅ៦ខែ ក្នុងម្នាក់ៗ និង បង្គាប់ឲ្យបង់ប្រាក់ពិន័យចំនួន៥០០ដុល្លារក្នុងម្នាក់ៗ។
ពួកគេត្រូវបានជាប់ចោទពីបទ; ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមបញ្ញត្តិមាត្រា ៤៩៤ និង ៤៩៥ នៃ ក្រមព្រហ្មទណ្ឌ៕
ដោយ: លីហ្សា