បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky កាលពីថ្ងៃអង្គារម្សិលមិញនេះ បានលើកឡើងថា អ៊ុយក្រែននឹងវាយយកតំបន់ Crimea ដែលកំពុងកាន់កាប់ដោយ រុស្ស៊ីនៅពេលណាទាំងអស់ ដោយមិនចាំបាច់ធ្វើការ ពិភាក្សាឬប្រឹក្សាជាមួយនឹង ប្រទេសណាឡើយ។
ថ្លែងទៅកាន់ក្រុមការងារដែលមានឈ្មោះថា Crimea Platform គឺជាក្រុមការងារដែលប្រមូលផ្តុំអង្គការជាតិ និងអន្តរជាតិចំនួនដល់ទៅជាង៦០ ក្នុងការគាំទ្រដល់រដ្ឋាភិបាលក្រុងគៀវ ដើម្បីដណ្តើមយកតំបន់ Crimea មកកាន់កាប់ឡើងវិញនោះលោក Zelensky បានបញ្ជាក់បែបនេះថា៖ អ៊ុយក្រែនមានកម្លាំង និងថាមពលគ្រប់គ្រាប់ដើម្បីធ្វើឲ្យគំនិតផ្តួចផ្តើម នៃការវាយយកតំបន់ Crimea នឹងធ្វើឡើងបានជោគជ័យ ។
លោក Zelensky បានបញ្ជាក់បែបនេះថា៖ ពួកយើងនឹងត្រឡប់ទៅកាន់តំបន់ Crimea វិញនៅពេលណាដែលយើងគិតថា គឺជាពេលវេលាដ៏សមស្របមួយ ដោយមិនចាំបាច់ធ្វើការប្រឹក្សាជាមួយ នឹងប្រទេសណាទាំងអស់។ ខ្ញុំដឹងថាពលរដ្ឋ
ក្នុងតំបន់ Crimea នឹងស្ថិតនៅជាមួយនឹងអ៊ុយក្រែន ព្រមទាំងរងចាំយើង ដើម្បីត្រឡប់ទៅយកពួកគេមកវិញ។ យើងត្រូវតែឈ្នះសង្គ្រាម ប្រឆាំងរុស្សីដូចនេះយើងនឹងអាច ធ្វើឲ្យសេរីភាពចូលទៅដល់តំបន់ Crimea វិញ ៕
ប្រែសម្រួល៖ ស៊ុន លី