ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី អ៊ុយក្រែន ថា អ៊ុយក្រែន ទាំងមូល តំបន់ទាំង២៥ គ្មានសម្បទាន ឬការសម្របសម្រួល ណាមួយឡើយ

បរទេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson កាលពីថ្ងៃពុធ បានស្ថិតនៅក្នុងទីក្រុងគៀវ ដោយលោកបានសាទរ ចំពោះការតស៊ូ រយៈពេលប្រាំមួយខែ របស់អ៊ុយក្រែន ចំពោះការឈ្លានពានរបស់រុស្ស៊ី ខណៈដែលសមភាគី របស់លោកគឺប្រធានាធិបតី Volodymyr Zelensky បានប្តេជ្ញាថា ការប្រយុទ្ធនឹងបន្ត “រហូតដល់ទីបញ្ចប់” ។

យោងទៅតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ត្រឹមថ្ងៃពុធគឺមានរយៈពេលកន្លះឆ្នាំ ចាប់តាំងពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យមានការលុកលុយ ទ្រង់ទ្រាយធំ លើអ៊ុយក្រែន ក៏ដូចជាថ្ងៃដែលប្រជាជាតិនេះ ប្រារព្ធខួបឯករាជ្យឆ្នាំ ១៩៩១ របស់ខ្លួនពីសហភាពសូវៀត។

ក្នុងអំឡុងពេលទស្សនកិច្ច ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ទៅកាន់រដ្ឋធានីរបស់ អ៊ុយក្រែន លោក Johnson បាននិយាយថា លោកពូទីនបានបរាជ័យក្នុងការគណនា “ឆន្ទៈដ៏រឹងមាំរបស់អ៊ុយក្រែន ក្នុងការទប់ទល់” ។

លោកបាននិយាយ នៅចំពោះមុខអ្នកសារព័ត៌មាន នៅពេលរសៀលថា “អ្នកការពារសិទ្ធិ របស់អ្នកក្នុងការរស់នៅ ដោយសន្តិភាព សេរីភាព ហើយនោះហើយជាមូលហេតុ ដែលអ៊ុយក្រែន នឹងឈ្នះ” ។

ចំណែកមេដឹកនាំ អ៊ុយក្រែន បានចេញវីដេអូ ដែលប្រឆាំងដោយប្រកាសថា ៖ «យើងមិនខ្វល់ថាអ្នកមានកងទ័ព អ្វីនោះទេ តែយើងគិតតែពីទឹកដីរបស់យើងប៉ុណ្ណោះ។ យើងនឹងតស៊ូរហូតដល់ទីបញ្ចប់»។

ដោយសំដៅលើរុស្ស៊ី លោក Zelensky បានប្តេជ្ញាថា អ៊ុយក្រែន នឹងមិនព្យាយាម ស្វែងរកការយោគយល់ ជាមួយពួក ភេរវករ ឡើយ។

លោកបានបន្តថា ៖ « សម្រាប់យើង អ៊ុយក្រែន គឺអ៊ុយក្រែនទាំងមូល។ “តំបន់ទាំង២៥ គ្មានសម្បទាន ឬការសម្របសម្រួល ណាមួយឡើយ៕

ប្រែសម្រួល៖ ណៃ តុលា

To Top