បរទេស ៖ រដ្ឋាភិបាលរបស់លោក Boris Johnson នាពេលថ្មីៗនេះ បានបង្កើនសម្ពាធលើរដ្ឋសភា គាំទ្របំណង របស់លោកនាយករដ្ឋមន្ត្រី ឲ្យប្រារព្ធធ្វើការបោះឆ្នោតមុនកាលកំណត់ និងបំបែកភាពជាប់គាំង នៃការដកខ្លួនចេញ ពីសហភាពអឺរ៉ុប ដោយនិយាយថា ប្រទេសអង់គ្លេស ត្រូវរដ្ឋសភាចាប់ធ្វើជាចំណាប់ខ្មាំង ។
ប៉ុន្តែដោយសារគណបក្សពលករ ដែលជាបក្សប្រឆាំងដ៏ធំ កំពុងតែរង់ចាំសហភាពអឺរ៉ុប ផ្តល់ការពន្យាពេលធ្វើ Brexit ហើយដោយសារគណបក្សដទៃពីរទៀត បានចាប់ផ្តើមគោលបំណងខ្លួនផ្ទាល់ ឲ្យបោះឆ្នោតឲ្យបានលឿនជាងនោះទៀតនោះ គោលបំណង របស់រដ្ឋាភិបាល រហូតមកដល់ពេលបច្ចុប្បន្ននេះ ហាក់នឹងត្រូវបរាជ័យ។
គួរបញ្ជាក់ថា រយៈពេលជាង៣ឆ្នាំហើយ ចាប់តាំងពីប្រទេសអង់គ្លេស បោះឆ្នោតដកខ្លួនចេញពីសហភាពអឺរ៉ុប ប្រទេសនេះនិងរដ្ឋសភា នៅតែកំពុងធ្វើការពិភាក្សាគ្នា ជុំវិញវិធី ពេលវេលា និងថាតើ Brexit ដែលជាការផ្លាស់ប្តូរគោលនយោបាយដ៏ធំបំផុត របស់ប្រទេសអង់គ្លេស សម្រាប់រយៈពេលជាង៤០ឆ្នាំនោះ គួរតែកើតមានដែរឫទេ៕
ប្រែសម្រួល៖ប៉ាង កុង