ភ្នំពេញ ៖ ក្រោយមានក្រុមយុវជន មកពីខេត្តសៀមរាបដាក់ញត្តិ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងក្រសួងអប់រំយុវជន និងកីឡា កាលពីថ្ងៃ២៩ សីហា ដើម្បីស្នើឲ្យរដ្ឋមន្រ្តីអប់រំ បញ្ឈប់ផែនការ ការបើកដេប៉ាតឺម៉ង់ភាសាវៀតណាម លោក សុខ ឥសាន អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា បានប្រតិកម្មតបទៅវិញថា បើអ្នកណាមិនពេញចិត្តរៀនទេ កុំមករៀនធ្វើអ្វី ខណៈលោកសង្កត់ធ្ងន់ថា អ្នកប្រឆាំងនឹង ការបើកបង្រៀនភាសាបរទេស គឺជាទង្វើរើសអើង ។
តំណាងយុវជន មកពីខេត្តសៀមរាបបានអះអាងថា បើកបង្រៀន ភាសាវៀតណាម នៅគ្រឹះស្ថានសិក្សារដ្ឋ វាមិនសមទំនងទាល់តែសោះ តែយុវជននោះ ក៏មិនជំទាស់ដែរបើ បើកនៅតាមគ្រឹះស្ថានឯកជន ។ យុវជនដដែលអះអាងទៀតថា ការបើកបង្រៀនវៀតណាមនេះ អាចធ្វើឲ្យសង្គមកម្ពុជា ជួបបញ្ហាដោយសារ អាចឲ្យភាគី វៀតណាមចូលជ្រៀកជ្រែក កិច្ចការផ្ទៃក្នុងកម្ពុជាបាន ខណៈវៀតណាម មិនបានឲ្យសិទ្ធិគ្រប់គ្រាន់ ក្នុងការបើកបង្រៀនភាសាខ្មែរ នៅប្រទេសវៀតណាមទេ ។
តបទៅនឹងករណីនេះ លោក សុខ ឥសាន នៅថ្ងៃ៣០ សីហា បានបញ្ជាក់ច្បាស់ៗ ត្រឡប់ទៅកាន់ពួកគេថា ក្រសួងបង្កើតការបង្រៀន ភាសាវៀតណាមនៅកម្ពុជា នរណាចង់រៀន ក៏អញ្ជើញទៅរៀន នរណាមិនចង់រៀន ក៏បាន គឺជាសិទ្ធិសេរីភាព របស់មនុស្សម្នាក់ៗ ។ លោកថា “ការប្រឆាំង នឹងការបង្រៀនភាសាបរទេសណាមួយនៅក្នុងគ្រឹះស្ថានសិក្សា គឺជាទង្វើរើសអើងជាតិសាសន៍ ។ បើក្រុមយុវជនមិនពេញចិត្តនឹងភាសាវៀតណាម បើគេបើក កុំតែទៅរៀនទៅវាចប់ទៅហើយ” ។
លោកបានការពារអំពីការ បើកដេប៉ាតឺម៉ង់ភាសាវៀតណាមទៀតថា គឺភាសាវៀតណាមមានប្រយោជន៍ សម្រាប់អ្នកមានទំនាក់ទំនងជាមួយវៀតណាម តែភាសាវៀតណាម មិនមានប្រយោជន៍ចំពោះអ្នក ដែលគ្មានទំនាក់ទំនងជាមួយវៀតណាម ។
លោកថា គ្រាន់តែវិទ្យុអាស៊ីសេរីក៏មានផ្សាយ ជាភាសាវៀតណាមដែរ ដូច្នេះភាសាអីក៏ដោយ សុទ្ធតែមានប្រយោជន៍។
ក្នុងញត្តិរបស់ក្រុមយុវជនទាំងនោះ បង្ហាញទៀតថា ពលរដ្ឋខ្មែរកើតទុក្ខមិនសុខចិត្តទាក់ទង ការបង្កើតអគារសិក្សាភាសាវៀតណាម ពីព្រោះការបកស្រាយ របស់ក្រសួងអប់រំកន្លងមក បង្ហាញហេតុផល មិនសមរម្យ ។
សម្រាប់ករណីនេះ លោក រស់ សុវាចា ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា លោកមិនមានអ្វីអធិប្បាយនោះទេ ព្រោះក្រសួងបានបកស្រាយរួចហើយ ។ សេចក្តីប្រកាស របស់ក្រសួងកាលពីថ្ងៃ១៩ សីហា បានបញ្ជាក់ថា ការបើកបង្រៀន ភាសាវៀតណាមនេះ សម្រាប់ទំនាក់ទំនងធុរកិច្ច និងជួយដល់ការបង្កើតការងារ សម្រាប់ប្រជាជនកម្ពុជា រស់នៅតាមព្រំដែន តាមរយៈការបង្កើនទំហំពាណិជ្ជកម្ម ជាមួយវៀតណាម ។ ម្យ៉ាងទៀត នឹងជួយបណ្តុះបណ្តាលដល់និស្សិតកម្ពុជាមុនមួយឆ្នាំ ដែលទទួលអាហារូបករណ៍ ទៅសិក្សានៅវៀតណាម ៕