វ៉ាស៊ីនតោន៖ លោក Steve Hanke សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចអនុវត្តនៅសាកលវិទ្យាល័យ Johns Hopkins បាននិយាយថា សេដ្ឋកិច្ចសហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថានឹងធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចនៅឆ្នាំក្រោយ ដែលមិនចាំបាច់ដោយសារតែអត្រាការប្រាក់ខ្ពស់នោះទេ។
លោកបានប្រាប់ស្ថានីយទូរទស្សន៍ CNBC កាលពីថ្ងៃចន្ទថា “យើងនឹងមានវិបត្តិសេដ្ឋកិច្ច ដ៏ធំបំផុតនៅឆ្នាំ២០២៣ យើងនឹងមានវិបត្តិសេដ្ឋកិច្ចដោយសារ យើងមានកំណើន zero M2 រយៈពេល ៥ខែ កំណើនការផ្គត់ផ្គង់ប្រាក់ ហើយ Fed ក៏មិនបានមើលវាដែរ”។
លោក Hanke បានលើកឡើងថា ដោយសារ “កំណើនដែលមិនធ្លាប់មានពីមុនមក” នៅក្នុងការផ្គត់ផ្គង់ប្រាក់នៅក្នុងប្រទេស អតិផរណានឹងនៅតែខ្ពស់ដដែល។ “នោះហើយជាមូលហេតុ ដែលយើងកំពុងមាន អតិផរណាឥឡូវនេះ ហើយនោះហើយជាមូលហេតុដែល យើងនឹងបន្តមានអតិផរណារហូតដល់ឆ្នាំ២០២៣ នឹងរហូតដល់ឆ្នាំ២០២៤”។
សេដ្ឋវិទូអាមេរិកដ៏ល្បីល្បាញ មួយរូបម្នាក់ទៀតបានឲ្យដឹងថា សហរដ្ឋអាមេរិក ត្រូវការបញ្ចៀសវិបត្តិសេដ្ឋកិច្ច ហើយបានលើកឡើងថា សេដ្ឋកិច្ចរបស់ប្រទេសមហាអំណាចមួយនេះ អាចនឹងធ្លាក់ចុះរហូតដល់ឆ្នាំ២០២៤ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
នៅក្នុងបទសម្ភាសន៍ជាមួយ បណ្តាញព័ត៌មានធុរកិច្ចអាមេរិក CNBC កាលពីថ្ងៃច័ន្ទ លោក Stephen Roach អ្នកជំនាញជាន់ខ្ពស់នៅវិទ្យាស្ថាន Jackson Institute of Global Affairs នៃសាកលវិទ្យាល័យ Yale បានឲ្យដឹងថា អតិផរណាជាប់លាប់នឹងនាំទៅរកការថយក្រោយ នៃការចំណាយរបស់អ្នកប្រើប្រាស់ ដែលនឹងត្រលប់មកវិញ តាមរយៈសេដ្ឋកិច្ចកាន់តែទូលំទូលាយ និង បង្កើតការឈឺចាប់ក្នុងទីផ្សារការងារ”។
អតីតប្រធានក្រុមហ៊ុន Morgan Stanley Asia បានប្រាប់ CNBC ឲ្យដឹងថា “យើងនឹងត្រូវតែមានការ ធ្លាក់ចុះនៃសេដ្ឋកិច្ច (GDP) នៅកន្លែងណាមួយប្រហែល ១,៥ភាគរយទៅ ២ភាគរយ ហើយអត្រាអ្នកអត់ការងារ ធ្វើនឹងត្រូវកើនឡើងពី ១ ទៅ ២ភាគរយជាអប្បបរមា”។
ទិន្នន័យដែលចេញផ្សាយ ដោយក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានបង្ហាញថា សេដ្ឋកិច្ចសហរដ្ឋអាមេរិកបានធ្លាក់ចុះក្នុងអត្រាប្រចាំឆ្នាំ ០,៦ភាគរយ នៅក្នុងត្រីមាសទីពីរនៃឆ្នាំ២០២២ បន្ទាប់ពីការធ្លាក់ចុះ នៅក្នុងត្រីមាសទីមួយនៃ ១,៦ភាគរយ។
យោងតាម CNBC កំណើនសេដ្ឋកិច្ចអវិជ្ជមាន ដែលបានឃើញនៅក្នុងឆមាសទី១ នៃឆ្នាំនេះ “អាចជាការរំពឹងទុក ចំពោះការធ្លាក់ចុះកាន់តែជ្រៅដែលអាច មានរយៈពេលរហូតដល់ឆ្នាំ២០២៤”៕
ប្រែសម្រួល ឈូក បូរ៉ា