បរទេស៖ ឥណ្ឌាបានបង្កើនការទិញប្រេង ពីរុស្ស៊ីក្នុងខែសីហា នេះបើតាមទីភ្នាក់ងារព័ត៌មាន Bloomberg ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់ទិន្នន័យនៃការដឹកជញ្ជូន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមរបាយការណ៍នោះ គឺនាវាដឹកប្រេងចំនួន ៦ គ្រឿងដែលផ្ទុកដោយប្រេង ESPO របស់រុស្ស៊ី ដែលជាម៉ាកប្រេងឆៅស៊ីបេរី បានធ្វើដំណើរទៅកាន់រោងចក្រចម្រាញ់ប្រេងរបស់ឥណ្ឌាកាលពីខែមុន។ នេះមានចំនួនជិតមួយភាគប្រាំនៃការដឹកជញ្ជូនប្រចាំខែដែលមាន ESPO ។
កាសែតនេះបានផ្សាយទៀតថា វាក៏ជាការដឹកជញ្ជូនដ៏ធំបំផុតរបស់ប្រេងឆៅរុស្ស៊ីទៅកាន់ប្រទេសឥណ្ឌាផងដែរ។
អ្នកវិភាគនិយាយថា ការធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌានឹងចំណាយពេលយូរសម្រាប់នាវាដឹកប្រេង របស់រុស្ស៊ីជាជាងទៅកាន់ប្រទេសចិន ប៉ុន្តែ “ការនាំចេញអាចនឹងបន្តដរាបណាតម្លៃនៅតែទាក់ទាញ ហើយមិនមានការដាក់ទណ្ឌកម្មពិតប្រាកដដែលរារាំងពាណិជ្ជកម្មនោះទេ”។
ប្រទេសឥណ្ឌាបាននឹងកំពុងបង្កើន ការទិញប្រេងពីរុស្ស៊ីចាប់តាំងពីនិទាឃរដូវ នៅពេលដែលទីក្រុងម៉ូស្គូបានណែនាំការបញ្ចុះតម្លៃដើម្បីទាក់ទាញអ្នកទិញថ្មី បន្ទាប់ពីបណ្តាប្រទេសលោកខាងលិចបានជៀសវាង ការនាំចេញប្រេងឆៅរបស់រុស្ស៊ីចំពេលមានការដាក់ទណ្ឌកម្ម ទាក់ទងនឹងអ៊ុយក្រែន៕
ប្រែសម្រួលៈ ណៃ តុលា