បរទេស៖ កាសែតក្នុងស្រុក Blick បានរាយការណ៍កាលពីថ្ងៃអង្គារថា រដ្ឋាភិបាលស្វីសបានចាត់វិធានការតឹងតែង ដើម្បីកាត់បន្ថយវិបត្តិថាមពលដែលកំពុងកើតឡើងនៅអឺរ៉ុប។ កាសែតនេះបានផ្សាយថា អ្នកដែលបំពានបទប្បញ្ញត្តិកំដៅរបស់រដ្ឋាភិបាលក្នុងរដូវរងារនេះ អាចត្រូវបានពិន័យ ឬក៏អាចឈានទៅដល់ជាប់ពន្ធនាគារថែមទៀត។
ទណ្ឌកម្មរបស់លោកខាងលិចដែលដាក់លើរុស្ស៊ី ជាការឆ្លើយតបទៅនឹងប្រតិបត្តិការយោធារបស់ទីក្រុងមូស្គូក្នុងប្រទេសអ៊ុយក្រែន គឺបានបណ្តាលឱ្យតម្លៃឧស្ម័នកើនឡើងដល់កម្រិតខ្ពស់បំផុត និងជំរុញឱ្យមានអតិផរណាទាំងមូល។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្រោមច្បាប់ដែលបានណែនាំនៅក្នុងបទប្បញ្ញត្តិថ្មីរបស់រដ្ឋាភិបាល គឺអគារដែលមានប្រព័ន្ធកំដៅឧស្ម័នអាចកំដៅបន្ទប់រហូតដល់ ១៩អង្សារប៉ុណ្ណោះ។ ទឹកក្តៅអាចឡើងដល់ ៦០អង្សារ ហើយឧបករណ៍កម្តៅដែលមានកំដៅត្រូវបានហាមឃាត់។ អាងហែលទឹក និងសូណានៅប្រទេសស្វ៊ីស ក៏នឹងនៅតែត្រជាក់ក្នុងរដូវរងានេះផងដែរ។
អ្នកដែលបំពានច្បាប់អាចប្រឈមនឹងការផាកពិន័យជាប្រាក់ ឬត្រូវជាប់គុករយៈពេល ៣ឆ្នាំ នេះបើយោងតាម Blick ។ អត្រាប្រចាំថ្ងៃក្នុងករណីនេះអាចមានចន្លោះពី ៣០ ទៅ ៣ ០០០ ហ្វ្រង់ស្វ៊ីស ស្មើនឹង ៣០ ដុល្លារ ទៅ ៣ ០៥០ ដុល្លារ អាស្រ័យលើភាពធ្ងន់ធ្ងរនៃការរំលោភបំពាន និងស្ថានភាពសេដ្ឋកិច្ចរបស់ជនល្មើស៕
ប្រែសម្រួលៈ ណៃ តុលា