បរទេស៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Jozef Sikela បានឲ្យដឹងថាសាធារណរដ្ឋឆេក ដែលបច្ចុប្បន្នកាន់តំណែងជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសហភាពអឺរ៉ុប ចង់ដកការកំណត់តម្លៃឧស្ម័នរបស់រុស្ស៊ីចេញពីរបៀបវារៈនៃកិច្ចប្រជុំនៅថ្ងៃសុក្រនេះ នៃរដ្ឋសមាជិកនៃសហភាពអឺរ៉ុប ដែលជារដ្ឋមន្ត្រីថាមពលរបស់ប្រទេស។
ថ្លែងទៅកាន់គណៈកម្មាធិការនៃព្រឹទ្ធសភាស្តីពីសេដ្ឋកិច្ចជាតិ លោក Sikela បានហៅតម្លៃថាមពលរុស្ស៊ីថាជា “ឧបករណ៍នយោបាយ” ហើយបានអះអាងថា ការកំណត់កម្រិតតម្លៃនឹងមិនជួយអឺរ៉ុប ឱ្យឆ្លងកាត់វិបត្តិថាមពល ដែលកំពុងកើតមាននោះទេ។
លោកបានលើកឡើង “តាមគំនិតរបស់ខ្ញុំ នេះគឺជាសំណើដែលមិនមានលក្ខណៈស្ថាបនា។ វាគឺអំពីការប្រែប្រួលមួយផ្សេងទៀតនៃទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ជាជាងដំណោះស្រាយបច្ចុប្បន្ន ចំពោះវិបត្តិថាមពលនៅអឺរ៉ុប។ ហើយឥឡូវនេះ យើងមិនចង់រៀបចំការដាក់ទណ្ឌកម្មបន្ថែមទៀតទេ ប៉ុន្តែដើម្បីដោះស្រាយស្ថានភាពថាមពល”។
លោកបានបន្ដថា សាធារណរដ្ឋឆេកនឹងចូលចិត្តគំរូមួយដែលបំបែកទីផ្សារឧស្ម័នពីតម្លៃអគ្គិសនី។ លោកបានបន្តទៀតថា នេះអាចបញ្ចុះតម្លៃអគ្គិសនីក្នុងមួយគីឡូវ៉ាត់ម៉ោងយ៉ាងខ្លាំង ប៉ុន្តែបានព្រមានថាវាអាចនាំឱ្យមានការកើនឡើងនៃការប្រើប្រាស់ឧស្ម័ន។
ជម្រើសមួយទៀតដែលបង្ហាញដោយគណៈកម្មាការអ៊ឺរ៉ុប គឺកំណត់តម្លៃសម្រាប់ទម្រង់ថាមពលផ្សេងទៀត ក្រៅពីឧស្ម័ន ដូចជាថាមពលនុយក្លេអ៊ែរ។ ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុបឆេក ក៏អាចពិចារណាលើការបន្ធូរបន្ថយពន្ធសម្រាប់អ្នកផលិត និងអ្នកចែកចាយថាមពល ដើម្បីបន្ធូរបន្ថយថ្លៃដើម នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានឆេក។
លើសពីនេះ ប្រទេសនេះចង់ពិភាក្សាអំពីដែនកំណត់លើការលក់ឥណទានអាកាសធាតុ ដែលប្រើប្រាស់ក្នុងគម្រោងពាណិជ្ជកម្មការបំភាយឧស្ម័នរបស់សហភាពអឺរ៉ុប (ETS)។
ទោះបីជាយ៉ាងណាក៏ដោយ ទោះបីជាដំណោះស្រាយអឺរ៉ុបត្រូវបានសម្រេចនៅថ្ងៃសុក្រក៏ដោយ ក៏រដ្ឋមន្ត្រីបាននិយាយថា នេះនឹងមិនគ្រប់គ្រាន់ដើម្បីជួយពលរដ្ឋនៃប្រទេសរបស់លោកនោះទេ។
លោកបានបន្ថែមថា “ដូច្នេះហើយ យើងស្ទើរតែបានរៀបចំនូវវិធានការមួយ ដើម្បីគ្រប់គ្រង និងអន្តរាគមន៍តម្លៃថាមពល។ ទាំងនេះនឹងផ្តោតលើគ្រប់ក្រុមអ្នកប្រើប្រាស់ ដូចជាគ្រួសារ សេវាសាធារណៈ និងវិស័យសាជីវកម្ម”៕ប្រែសម្រួល ឈូក បូរ៉ា