ព័ត៌មានអន្តរជាតិ

គណៈរដ្ឋមន្រ្តី អនុម័តសេចក្តីព្រាង គោលនយោបាយអភិវឌ្ឍន៍ វិស័យប្រៃសណីយ៍កម្ពុជា ២០២២-២០៣០

ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានសម្រេចអនុម័តយល់ព្រមលើស្តីពី “សេចក្តីព្រាងគោលនយោបាយ អភិវឌ្ឍន៍វិស័យប្រៃសណីយ៍កម្ពុជា ២០២២-២០៣០”។

វិស័យប្រៃសណីយ៍ ត្រូវបានចាត់ទុកថាមានសក្ដានុពល ក្នុងការចូលរួមចំណែកដល់ការទ្រទ្រង់ កំណើនកំណើនសេដ្ឋកិច្ច និងការលើកកម្ពស់គុណភាពជីវិត របស់ប្រជាជននៅកម្ពុជា ដោយបានផ្សារភា្ជប់ជាមួយជីវភាពប្រចាំថ្ងៃ នៅទីក្រុង និងជនបទ។ ជាមួយនឹងការរីកចម្រើនសេដ្ឋកិច្ច ការវិវត្តនៃបច្ចេកវិទ្យា ក៏ដូចជាបែបផែនជីវិត និងរបៀបរបបរស់នៅក្នុងសង្គម ការផ្ញើសំបុត្រសម្រាប់ទំនាក់ទំនងគ្នា មានការធ្លាក់ចុះយ៉ាងខ្លាំង នៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅលើពិភពលោក ដោយជំនួសមកវិញ ការផ្ញើបញ្ញើជាកញ្ចប់ទាំងក្នុងប្រទេស រវាងប្រទេសនិងប្រទេស ត្រូវបានមើលឃើញថាមាននិន្នាការ កើនឡើងយ៉ាងឆាប់រហ័សស្របទៅនឹង ការហក់ឡើងនៃពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រួនិក។

ទន្ទឹមគ្នានេះដែរ វឌ្ឍនភាពនៃវិស័យផ្សេងៗ ការកើនឡើងនៃការ ប្រើប្រាស់សេវាអ៊ីនធឺណិត និងបណ្ដាញ សង្គមព្រមទាំងពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក បានបង្កើតកាលានុវត្តភាព សម្រាប់ទីផ្សារសេវាប្រៃសណីយ៍ ក៏ដូចជាលក្ខខណ្ឌអំណោយផល សម្រាប់ជំរុញការអភិវឌ្ឍវិស័យ ប្រៃសណីយ៍នៅកម្ពុជា។ ការអភិវឌ្ឍវិស័យនេះ នៅជួបប្រទះបញ្ហាប្រឈមចម្បងៗ ជាច្រើនដែលត្រូវដោះស្រាយ ក្នុងនោះវិសាលភាពនៃ ការផ្តល់សេវាប្រៃសណីយ៍ នៅពុំទាន់បានគ្របដណ្ដប់ទូលំទូលាយ ការអភិវឌ្ឍរបស់សហគ្រាស ប្រៃសណីយ៍កម្ពុជា និងបណ្ដាញប្រៃសណីយ៍ នៅមានកម្រិតនៅឡើយ ការធ្វើអាជីវកម្ម លើការផ្តល់សេវាបញ្ញើរបស់ផ្នែកឯកជន ពុំទាន់ត្រូវបានគ្រប់គ្រងឲ្យបានពេញលេញ និងល្អប្រសើរ គួបផ្សំនឹងការខ្វះខាតក្របខណ្ឌគោលនយោបាយ លិខិតបទដ្ឋានគតិយុត្ត ការធ្វើពិពិធកម្មសេវាយន្តការគ្រប់គ្រង យន្តការលើកកម្ពស់គុណភាពសេវា ក៏ដូចជាភាពយឺតយ៉ាវ នៃចាប់យកបច្ចេកវិទ្យា។

ហេតុដូច្នេះ ការកសាងគោលនយោបាយ អភិវឌ្ឍនៃវិស័យប្រៃសណីយ៍ ពិតជាមានសារៈសំខាន់សម្រាប់ជាប្រទីប បង្ហាញផ្លូវលើការរៀបចំផែនការ សកម្មភាពជាអាទិភាព ដើម្បីឆ្លើយតបទៅនឹងនិន្នាការវិវត្តនៃ
តម្រូវការទាំងក្នុងផ្នែកសង្គម និងផ្នែកសេដ្ឋកិច្ច ស្របទៅនឹងក្របខណ្ឌ អភិវឌ្ឍន៍ប្រៃសណីយ៍អន្តរជាតិ សំដៅពង្រីក វិសាលភាពសេវាប្រៃសណីយ៍ ប្រកបដោយគុណភាព ប្រសិទ្ធភាព និងចីរភាពជូនប្រជាជន៕

To Top