បរទេស៖ ប្រទេសចិន បានចោទសហរដ្ឋអាមេរិកថា កំពុងស្វែងរកការធ្វើយោធា នៅលើលំហអាកាស បន្ទាប់ពីមន្ទីរបញ្ចកោណ បានចេញឯកសារគោលនយោបាយថ្មីមួយ ដែលចាត់ទុកលំហអវកាសជា “ដែនអាទិភាព នៃអំណាចយោធាជាតិ”។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងទៅកាន់អ្នកសារព័ត៌មាន សម្រាប់សន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃពុធ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានឆ្លើយតបទៅនឹង សេចក្តីណែនាំរបស់មន្ទីរបញ្ចកោណ ដែលបានចេញផ្សាយកាលពីចុងខែសីហា ដែលពិភាក្សាអំពីប្រតិបត្តិការយោធា ដែលអាចកើតមាននៅក្នុងលំហ។
លោកស្រី Mao បាននិយាយថា អស់រយៈពេលជាយូរមកហើយ សហរដ្ឋអាមេរិកបានកំណត់លំហរ ដោយបើកចំហថាជាដែនប្រយុទ្ធនឹងសង្រ្គាម។ ខ្លួនបានបង្កើតកងកម្លាំងអវកាស និងបញ្ជាការអវកាសអាមេរិក បានបង្កើត និងដាក់ពង្រាយអាវុធ វាយលុកលើលំហអាកាស បានធ្វើសមយុទ្ធយោធាវាយលុក និងការពារ និងការសាកល្បងបច្ចេកវិទ្យា ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការយោធា ជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន ដោយលើកហេតុផលថា “នេះបានបង្កើនហានិភ័យនៃការ ការគណនាខុស និងជម្លោះយោធា។”
អ្នកនាំពាក្យរូបនេះបានបន្ត ចោទប្រកាន់ក្រុងវ៉ាស៊ីនតោន ពីបទ “រារាំង” នូវ “គំនិតផ្តួចផ្តើមគ្រប់គ្រងអាវុធអវកាស” ដែលដឹកនាំដោយប្រទេសចិន និងរុស្ស៊ី និង “ធ្វើឱ្យនិន្នាការ នៃការប្រែក្លាយលំហរខាងក្រៅ ទៅជាអាវុធ និងសមរភូមិ” ៕ ប្រែសម្រួលៈ ណៃ តុលា
