ព័ត៌មានអន្តរជាតិ

ស្លាប់៧៤នាក់ នៅក្នុងអំឡុង ពេលផ្ទុះការតវ៉ា ប្រឆាំងនឹង រដ្ឋាភិបាលអ៊ីរ៉ាក់

បាដាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ថា ក្រុមអាជ្ញាធរអ៊ីរ៉ាក់ បាន និយាយឲ្យដឹងកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់ដែលកើតឡើង ដោយសារការប្រឆាំងតវ៉ានៅទូទាំងប្រទេស ទៅលើអត្រានៃអ្នកគ្មានការងារធ្វើ និងកង្ខះខាត នៃការផ្តល់សេវាកម្មសាធារណៈ បានកើនឡើងដល់៧៤នាក់ និងជាង៣.៦០០នាក់បានរងរបួស ។

លោក Ali al-Bayati សមាជិកមួយរូប របស់ឧត្តមស្នងការ ឯករាជ្យអ៊ីរ៉ាក់សម្រាប់សិទ្ធិមនុស្ស(IHCHC)បានថ្លែងឲ្យ ដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការប៉ះទង្គិចគ្នារវាងក្រុមអ្នកតវ៉ា និងកងកម្លាំងសន្តិសុខ គិតចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែខែតុលានេះ ចំនួននៃអ្នកស្លាប់បានកើនឡើង ដល់៧៤នាក់ហើយ ។

គាត់បានថ្លែងថា ភាគច្រើននៃអ្នកស្លាប់ទាំងនោះ បានបង្កឡើងដោយការបាញ់ប្រហារ ដោយក្រុមអង្គរក្សរបស់ គណបក្សនយោបាយនានា នៅពេលដែលក្រុមអ្នកតវ៉ា បានវាយប្រហារមកលើស្នាក់ការ កណ្តាលរបស់ពួកគេ លើសពីនេះក៏បានប្រើឧស្ម័នបង្ហូរទឹកភ្នែកបាញ់ បង្ក្រាបក្រុមបាតុករផងដែរ ។

លោក Al-Bayati ក៏បានថ្លែងឲ្យដឹងថា សរុបទៅមានក្រុមបាតុករចំនួន៣.៦៥៤នាក់ បូករួមទាំងកងកម្លាំងបានរងរបួស ភាគច្រើនដោយសារតែឧស្ម័នបង្ហូរទឹកភ្នែក និងភាគច្រើនត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top