ព័ត៌មានអន្តរជាតិ

Update៖ រុស្ស៊ី ដកទ័ពចេញពីទីប្រជុំជនសំខាន់ៗ នៅភាគខាងកើត ខណៈអ៊ុយក្រែនបង្កើនការដណ្តើម យកបានវិញនូវក្រុងមួយចំនួន

បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ថា កងកម្លាំងរុស្ស៊ី បានដកខ្លួនចេញពីទីប្រជុំជនសំខាន់ៗនៅភាគខាងកើត ខណៈដែលការវាយប្រហារតបតរបស់អ៊ុយក្រែនយ៉ាងឆាប់រហ័សធ្វើឱ្យមានការកើនឡើងបន្ថែមទៀត ។


មន្ត្រីអ៊ុយក្រែនបានលើកឡើងថា កាលពីថ្ងៃសៅរ៍កងទ័ពបានចូលទៅក្នុងក្រុង Kupiansk ដែលជាមជ្ឈមណ្ឌលផ្គត់ផ្គង់ភាគខាងកើតដ៏សំខាន់សម្រាប់កងកម្លាំងរុស្ស៊ី ។

បន្ទាប់មក ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា កងទ័ពរបស់ខ្លួនបានដកថយពីតំបន់ Izyum ក្បែរនោះ ដើម្បីអនុញ្ញាតឱ្យពួកគេ “ប្រមូលផ្តុំឡើងវិញ” ។

ក្រសួងខាងលើក៏បានបញ្ជាក់ពីការដកកងទ័ពចេញពីទីក្រុងសំខាន់ទី៣គឺ Balaklyia ក្នុងគោលបំណង “ពង្រឹងកិច្ចខិតខំប្រឹងប្រែង”នៅលើរណសិរ្ស Donetsk ។

ភាពរីកចម្រើនរបស់អ៊ុយក្រែនត្រូវបានគេមើលឃើញ ដោយរក្សាបានតំបន់មានសារៈសំខាន់បំផុតចាប់តាំងពីរុស្ស៊ី បានដកខ្លួនចេញពីតំបន់ជុំវិញក្រុង គៀវ ក្នុងខែមេសា ។

នៅក្នុងសុន្ទរកថាតាមវីដេអូនៅពេលយប់របស់គាត់កាលពីថ្ងៃសៅរ៍លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានអះអាងថា ពេលនេះអ៊ុយក្រែនបានរំដោះទឹកដី២.០០០គីឡូម៉ែត្រការ៉េពីប្រទេសរុស្ស៊ី ចាប់តាំងពីការចាប់ផ្តើមការវាយលុកជាថ្មីនៅដើមខែនេះ ។

ការអះអាងរបស់គាត់នឹងបង្ហាញថា ពាក់កណ្តាលនៃតំបន់នោះត្រូវបានដណ្តើមយកមកវិញក្នុងរយៈពេល៤៨ម៉ោងចុងក្រោយនេះតែប៉ុណ្ណោះ ព្រោះវាជាតំបន់២ដងហើយនៃទឹកដីដែលលោក Zelensky បានថ្លែងថា ត្រូវបានរំដោះនៅគ្រាដែលគាត់បានថ្លែងកាលពីល្ងាចថ្ងៃព្រហស្បតិ៍នោះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top