ព័ត៌មានជាតិ

សម្តេចតេជោ មិនបានអញ្ជើញចូលរួមក្នុងថ្ងៃភ្ជុំធំទេ (Video)

ភ្នំពេញ ៖ សម្រាប់ពិធីបុណ្យភ្ជុំធំ ក្នុងឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា សម្តេចមិនបានចូលរួមជាមួយប្រជាពលរដ្ឋនៅទូទាំងប្រទេស ។ ការប្រកាសមិនចូលរួមភ្ជុំជាមួយពលរដ្ឋរបស់សម្តេចនេះ ដោយសារសម្តេចមានភារកិច្ចចូលរួមកិច្ចប្រជុំនានានៅក្រៅប្រទេស ចាប់ពីថ្ងៃ២១-២៧កញ្ញា ។

ទោះបីជាសម្តេចតេជោ មិនបានចូលរួមដោយផ្ទាល់ក៏ដោយ ក៏សម្តេចនឹងចូលរួមសប្បាយជាមួយពលរដ្ឋពីក្រៅប្រទេសផងដែរ ។

ក្នុងសារសំឡេងជាង១០នាទីផ្ញើទៅកាន់ជនរួមជាតិ ក្នុងឱកាសរដូវកាន់បិណ្ឌនាព្រឹកថ្ងៃ១២ កញ្ញា នេះ សម្តេចតេជោ បានគូសបញ្ជាក់ថា “នៅថ្ងៃភ្ជុំរូបខ្ញុំកំពុងស្ថិតនៅទីក្រុងឡូហ្កាហ្វាវ៉ា ប្រទេសគុយបា ។ប្រសិនបើគ្មានការប្រែប្រួលទេ ថ្ងៃ២១កញ្ញា ខ្ញុំនឹងចាកចេញពីទីក្រុងភ្នំពេញ ឆ្ពោះទៅកាន់ទីក្រុងញូវយ៉ក ដើម្បីថ្លែងសន្ទរកថា នៅថ្ងៃ២៣ កញ្ញា ។ បន្ទាប់ទៅធ្វើដំណើរទស្សនកិច្ចនៅប្រទេសគុយបា ថ្ងៃ២៤-២៥ ចំពេលដែលភ្ជុំបានមកដល់។ បន្ទាប់មកហោះមកកាន់ទីក្រុងតូក្យូ ចូលរួមពិធីបុណ្យសពរបស់ឯកឧត្តម ស៊ិន ហ្សូអាបេ អតីតនាយករដ្ឋមន្រ្តីជប៉ុន នាថ្ងៃ២៧កញ្ញា” ។
សម្តេចតេជោបន្ថែមថា សម្តេចនឹងបន្តតាមដានសកម្មភាពការណ៍ ពីចម្ងាយជាមួយនឹងការទទួលខុសត្រូវរបស់សម្តេច ស ខេង ដែលពេលនោះនឹងធ្វើជានាយករដ្ឋមន្រ្តីស្តីទី៕

To Top