ព័ត៌មានជាតិ

សម្តេច ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ

ភ្នំពេញ ៖ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេច ក្រឡហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស បានអញ្ជើញបើកកិច្ចប្រជុំត្រួត ពិនិត្យការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ។

សូមរំលឹកថា ចាប់ពីថ្ងៃទី១៨ សីហា ដល់ថ្ងៃទី១០ កញ្ញា ហ្វេសប៊ុក សម្ដេច ស ខេង បានទទួលពាក្យបណ្ដឹង ចំនួន ១៨៦បណ្តឹង ពាក់ព័ន្ធនឹងការស្នើអន្តរាគមន៍ជួយសង្គ្រោះជនបរទេស ដែលត្រូវបានអះអាងថា បង្ខាំង និងជួញដូរកម្លាំងពលកម្ម ៣៧៥នាក់។

ជាមួយគ្នានេះដែរ សម្តេច ស ខេង បានចេញលិខិតអំពាវនាវដល់សាធារណជនជាតិ-អន្តរជាតិ បន្តសហការផ្តល់ព័ត៌មានពាក់ព័ន្ធអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងទៀត ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពខ្ពស់ផងដែរ៕

To Top