បាងកក ៖ រដ្ឋបាលក្រុងបាងកក (BMA) នៅថ្ងៃអង្គារម្សិលមិញនេះ បានចេញការព្រមានអំពីភ្លៀង ធ្លាក់ពីមធ្យមទៅច្រើន និងអាចនឹងមានទឹកជំនន់ចាប់ពីម៉ោង ៤ រសៀល ដល់ម៉ោង ១១ យប់ ម៉ោងក្នុងស្រុក នៅក្នុងខណ្ឌទាំង ១២ របស់ទីក្រុងបាងកកប្រទេសថៃ។
នេះបានកើតឡើងបន្ទាប់ពីផ្នែកជាច្រើន នៃទីក្រុងត្រូវបានជន់លិច បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
អភិបាលក្រុងបាងកក លោក Chadchart Sittipunt បានឲ្យដឹងថា មូលហេតុចម្បងនៃទឹកជំនន់ គឺភ្លៀងធ្លាក់ច្រើនជាងធម្មតានៅក្នុង និងជុំវិញទីក្រុងបាងកកក្នុងឆ្នាំនេះ ដែលបានធ្វើឲ្យកម្ពស់តឹកទន្លេកើនឡើង និងបណ្តាលឱ្យមានទឹកជំនន់ នៅក្នុងទីក្រុង។
លោក Chadchart បានបន្ថែមថា ឆ្នាំនេះមានអាកាសធាតុសើមបំផុតក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប៉ុន្តែស្ថានភាពទូទៅនៅក្នុងទីក្រុងបាងកក កំពុងមានភាពប្រសើរឡើង។
យោងតាមនាយកដ្ឋានធារាសាស្ត្រ បរិមាណទឹកភ្លៀងប្រចាំថ្ងៃ ជាមធ្យមនៅទីក្រុងបាងកក ក្នុងអំឡុងពេល ១០ថ្ងៃដំបូងនៃខែកញ្ញាគឺ ៩៦,៥ មីលីម៉ែត្រ ធៀបនឹងជាមធ្យម ៥២,២ មីលីម៉ែត្រក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នៅថ្ងៃទី១០ ខែកញ្ញា មានភ្លៀងធ្លាក់ ២៤ម៉ោងក្នុងកម្រិតគឺ ១១២,៧មីលីម៉ែត្រ ដែលជាកំណត់ត្រាខ្ពស់បំផុតក្នុងរយៈពេល ៦ឆ្នាំ ៕
ប្រែសម្រួល ឈូក បូរ៉ា