បរទេស ៖ ប្រជាជននៅក្នុងទីក្រុង ភាគខាងត្បូងអ៊ុយក្រែន កំពុងត្រូវបានជំរុញឱ្យជម្លៀសខ្លួន ដោយសារតែហានិភ័យ នៃទឹកជំនន់ បន្ទាប់ពីមីស៊ីល បានវាយប្រហារ ចំទំនប់អាងស្តុកទឹកដ៏សំខាន់មួយ។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រធានក្រុង Oleksandr Vilkul បានព្រមាន កាលពីថ្ងៃពុធថា ផ្លូវចំនួន 22 ក្នុងសង្កាត់ចំនួនពីរនៃទីក្រុង Kryvyi Rih ត្រូវបានរងផលប៉ះពាល់។
ក្រុមមន្ត្រីបាននិយាយថា លំហូរទឹក 100 ម៉ែត្រគូបក្នុងមួយវិនាទី កំពុងហូរចេញពីកន្លែងដែលបាក់ ហើយកម្រិតទឹកនៅក្នុងទន្លេ Inhulets កំពុងកើនឡើងយ៉ាងគ្រោះថ្នាក់។
អ៊ុយក្រែនបាននិយាយថា ការវាយប្រហារនេះ គឺជាការសងសឹកដោយរុស្ស៊ី សម្រាប់ការវាយប្រហារប្រឆាំង របស់ខ្លួននាពេលថ្មីៗនេះ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានពណ៌នាប្រទេសរុស្ស៊ីថាជា “រដ្ឋភេរវកម្ម” ។
លោក Zelensky ដែលកើត នៅក្នុងទីក្រុង Kryvyi Rih បាននិយាយនៅក្នុងសុន្ទរកថាកាលពីយប់ថ្ងៃពុធថា “អ្នកគឺជាមនុស្សទន់ខ្សោយ ដែលប្រយុទ្ធនឹងជនស៊ីវិល” ។ លោកបានបន្ថែមថា៖ «មនុស្សចោរម្សៀត ដែលបានរត់ចេញពីសមរភូមិ កំពុងតែព្យាយាមធ្វើបាបពីកន្លែងណាឆ្ងាយ»៕
ប្រែសម្រួលៈ ណៃ តុលា