ព័ត៌មានអន្តរជាតិ

ជប៉ុន និងអាមេរិក សម្លឹងមើលការ ស្រាវជ្រាវរួមគ្នា ដើម្បីប្រឆាំងអាវុធ ល្បឿនលឿនជាងសំឡេង

តូក្យូ ៖ ប្រមុខការពារជាតិជប៉ុន និងសហរដ្ឋអាមេរិក កាលពីថ្ងៃពុធបានព្រមព្រៀងគ្នាថា ប្រជាជាតិរបស់ពួកគេនឹង ធ្វើការស្រាវជ្រាវ ផ្នែកបច្ចេកវិទ្យារួមគ្នា ដើម្បីទប់ទល់នឹងអាវុធ ដែលមានល្បឿនលឿន ជាងសំឡេង ខណៈដែលពួកគេធ្វើការ ដើម្បីតម្រឹមយុទ្ធសាស្ត្រ សន្តិសុខជាតិ របស់ពួកគេយ៉ាងជិតស្និទ្ធ ចំពេលមានឥទ្ធិពល កាន់តែខ្លាំងឡើងរបស់ចិន នៅក្នុងតំបន់ ។

កិច្ចពិភាក្សារវាងរដ្ឋមន្ត្រី ការពារជាតិជប៉ុន លោក Yasukazu Hamada និងសមភាគីអាមេរិក លោក Lloyd Austin នៅមន្ទីរបញ្ចកោណ ដែលជាកិច្ចប្រជុំផ្ទាល់លើកដំបូង របស់ពួកគេ ចាប់តាំងពីការតែងតាំង របស់លោក Hamada កាលពីខែមុន បានកើតមានឡើងចំពេលមានភាពតានតឹង កាន់តែខ្លាំងឡើងលើកោះតៃវ៉ាន់ បន្ទាប់ពីដំណើររបស់ប្រធានសភា តំណាងរាស្រ្តសហរដ្ឋអាមេរិក លោកស្រី Nancy Pelosi ទៅកាន់កោះដែលគ្រប់គ្រង ដោយខ្លួនឯងមួយនេះ ។

លោក Austin បានឲ្យដឹងនៅដើមដំបូងនៃកិច្ចប្រជុំថា “សកម្មភាពបង្ខិតបង្ខំរបស់ចិននៅច្រកសមុទ្រតៃវ៉ាន់ និងក្នុងដែនទឹកជុំវិញប្រទេសជប៉ុន គឺជាការបង្កហេតុ ធ្វើឱ្យមានអស្ថិរភាព និងមិនធ្លាប់មានពីមុនមក” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

លោក Hamada និងលោក Austin ក៏បានរិះគន់យ៉ាងខ្លាំង ចំពោះការបាញ់មីស៊ីលផ្លោងរបស់ចិន ដែលជាផ្នែកមួយ នៃសមយុទ្ធទ្រង់ទ្រាយធំ នៅជិតកោះតៃវ៉ាន់កាលពីខែមុន ដែលមួយចំនួន បានធ្លាក់ចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ របស់ប្រទេសជប៉ុន ដែលជាឧប្បត្តិហេតុ “ធ្ងន់ធ្ងរ” ដែលប៉ះពាល់ដល់សន្តិសុខរបស់ប្រទេសជប៉ុន និងសុវត្ថិភាពសាធារណៈនេះ បើតាមក្រសួងការពារ ជាតិ ជប៉ុន។

ក្រសួងបានឲ្យដឹងថា “រដ្ឋមន្ត្រីទាំងពីរបានបញ្ជាក់ថា ការផ្លាស់ប្តូរឯកតោភាគីនៅក្នុងស្ថានភាព បច្ចុប្បន្នដោយកម្លាំង គឺមិនអាចទទួលយក បាននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក” ដោយបញ្ជាក់ថាប្រទេស របស់ពួកគេនឹង “សហការយ៉ាងជិតស្និទ្ធ” ឆ្ពោះទៅរកការទប់ស្កាត់ការប៉ុនប៉ងបែបនេះ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top