ព័ត៌មានជាតិ

សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) អបអរសាទរដល់ក្រុមកង់ ធ្វើដំណើរលើ ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ

ភ្នំពេញ៖​ ក្រោយទទួលបានជោគជ័យយ៉ាងត្រចះត្រចង់​ សម្រាប់ព្រឹត្តិការណ៍ជិះកង់ប្រមាណ ២០០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ទៅកាន់ក្រុងព្រះសីហនុ តាមផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដើម្បីឈ្វេងយល់ពីទីតាំងភូមិសាស្ត្រ និងសក្តានុពលផ្លូវល្បឿនលឿន ក៏ដូចជាភាពរីកចម្រើននៃប្រទេសកម្ពុជា​ ក៏ដូចជាដេីម្បីរឹតចំណងមិត្តភាពស ម្រាប់ក្រុមកីឡាជិះកង់​កាលពីដេីមខែកន្លងមកនេះសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧​) នាល្ងាចថ្ងៃទី១៧​ ខែកញ្ញា​ ឆ្នាំ២០២២នេះ​ បានរៀបចំពិធីជប់លៀង​ ដេីម្បីអបអរសាទរ​ ក៏ដូចជាការថ្លែងអំណរគុណដល់ក្រុមកីឡាករ​ រួមទាំងម្ចាស់ឧបត្ថម្ភទាំងអស់​ ដែលបានធ្វើអោយកម្មវិធីជិះកង់នេះ​ ទទួលបានជោគជ័យជាអនេក។ 

លោក វិន យ៉ូរ៉ូហាស៊ីឈីរ៉ូ រដ្ឋបាលថ្នាក់កណ្តាល នៃសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧​) បានឱ្យដឹងថា​ គោលបំណងនៃការរៀបចំកម្មវិធីនេះដេីម្បីអបអរសាទរ​ដល់ក្រុមកីឡា​ករ​ កីឡាការិនី​ ក៏ដូចជាការថ្លែងអំណរគុណដល់ម្ចាស់ក្រុមហ៊ុនឧបត្ថម្ភទាំងអស់​ ដែលបានចំណាយនូវថវិកាផ្ទាល់ខ្លួនធ្វេីឱ្យកម្មវិធីជិះកង់តាមផ្លូវល្បឿនលឿននេះទទួលបានជោគជ័យ។ 

លោក វិន យ៉ូរ៉ូហាស៊ីឈី​រ៉ូ បានបន្ថែមថា​ ព្រឹត្តិការណ៍​នេះ​ មិនត្រឹមតែក្នុងគោលបំណងដើម្បីសុខភាពនោះទេ ប៉ុន្តែវាក៏ជាផ្នែកមួយក្នុងស្មារតី យុវជន “អរគុណសន្តិភាព” ដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាពចំពោះអ្នកស្រលាញ់កីឡាជិះកង់ ក៏ដូចជាការស្វែងរកមូលនិធិសម្រាប់ជួយសង្គមផងដែរ។​ តាមរយៈ​យុទ្ធនាការជិះកង់នេះ​ លោកបានសង្កេតឃេីញក្រុមកីឡាករទាំងអស់​គឺមានភាពសាមគ្គីគ្នាយ៉ាងល្អ​ ជាមួយនឹងការទទួលបានការគាំទ្រយ៉ាងច្រេីន​ ពីសំណាក់ប្រជាពលរដ្ឋផងដែរ។ 

សូមជម្រាបដែរថា​ សម្រាប់កម្មវិធីជប់លៀងអបអរនេះដែរក៏មានការប្រគល់លិខិតសរសេីរដល់ក្រុមកីឡាករ​ កីឡាការិនី​ និងចែកលិខិតថ្លែងអំណរគុណដល់ម្ចាស់ឧបត្ថម្ភទាំងអស់​ ក៏ដូចជា​មានជាកម្មវិធីចាប់រង្វាន់អនុស្សាវរីយ៍ជាច្រេីនផងដែរ។ 

សូមបញ្ជាក់ដែរថា​ សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧​) បានរៀបចំ​ក្បួនជិះកង់​ ដែលមានអ្នកចូលរួមជាង​ ៣០០នាក់ ក្នុងស្មារតីយុវជន «អរគុណសន្តិភាព»​ ដែលព្រឹត្តិការណ៍នេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី៣-៤ ខែកញ្ញា ឆ្នាំ២០២២ ដោយចេញដំណើរពីរាជធានីភ្នំពេញនៅវេលាម៉ោង៤ព្រឹក ហើយទៅដល់ក្រុងព្រះសីហនុនៅពេលរសៀល។

ការរៀបចំព្រឹត្តិការណ៍នេះដែរ គឺដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាពចំពោះអ្នកស្រលាញ់កីឡាជិះកង់  ក៏ដូចជាដើម្បីស្វែងយល់ពីសក្តានុពលនៃផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងចូលរួមផ្សព្វផ្សាយវិស័យទេសចរណ៍ជាមួយរាជរដ្ឋាភិបាលកម្ពុជា។

ក្រៅពីការជិះកង់មើលពីសក្តានុពលផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុនេះ ក្រុមជិះកង់ខាងលើក៏បានបន្តដំណើរជិះកង់ទៅទស្សនាពីការអភិវឌ្ឍ និងសក្តានុពលនៃការរីកចម្រើននៅក្រុងព្រះសីហនុ ជាមួយនឹងការទៅឱ្យដល់ផ្ទាល់នៅចំណុច «ខ្មែរធ្វើបាន» ផងដែរ៕

To Top