បរទេស៖យោងតាមប្រភពមន្ត្រី នៃក្រសួងការពារជាតិបារាំងដែលសុំមិនបញ្ចេញអត្តសញ្ញាណ ថ្លែងប្រាប់ក្រុមអ្នកកាសែតរបស់ Politico កាលពីថ្ងៃសៅរ៍ម្សិលមិញបានឲ្យដឹងថាប្រទេសបារាំងបានបន្តគាំទ្រ និងហ្វឹកហាត់ជូនកងកម្លាំងយោធារបស់អ៊ុយក្រែន នៅក្នុងកម្មវិធីហ្វឹកហ្វឹនពិសេសមួយអស់រយៈពេលជាយូរមកហើយ។
យោងតាមការបញ្ជាក់ ដដែលបានឲ្យដឹងទៀតថា មិនខុសពីអង់គ្លេសដែរបារាំង បានសម្រេចចិត្តក្នុងការផ្តល់នូវការហ្វឹកហាត់ជាច្រើនដល់យោធាអ៊ុយក្រែន ចាប់តាំងតែពីពេលដែលរុស្សីបានបើកយុទ្ធការដោយយោធាមកលើប្រទេសអ៊ុយក្រែនកាលពីចុងខែកុម្ភៈ មកម្ល៉េះហើយក្នុងនោះ មានយោធាអ៊ុយក្រែន៤០នាក់ ដែលផ្តោតសំខាន់ទៅលើការប្រើប្រាស់អាវុធ CAESAR របស់បារាំងផងដែរ។
លើសពីនេះប្រភពដដែលបានបន្តថា នៅទឹកដីបារាំងយោធាអ៊ុយក្រែនផ្សេងទៀត ប្រហែលជាអាចទទួលការហ្វឹកហាត់ជំនាញយ៉ាងស៊ីជម្រៅ
លើសពីអ្វីដែលអង់គ្លេសបានផ្តល់ឲ្យដែលមានត្រឹមតែគោលការណ៍មូលដ្ឋានប៉ុណ្ណោះ ហើយប៉ុន្តែមន្ត្រីបារាំងទាំងនេះមិនអាចបញ្ជាក់ទៀតទេ អំពីព័ត៌មានលំអិតច្រើនជាងនេះឡើយ៕ ប្រែសម្រួល៖ស៊ុនលី