ស្វាយរៀង ៖ លោករស់ ផារិទ្ធ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំពងទឹក ស្រុករំដួល នាព្រឹកថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២២ បាននាំយកនូវទេយ្យទាន និងបច្ច័យ របស់ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលចុះមូលដ្ឋានខេត្តស្វាយរៀង ប្រគេន ព្រះសង្ឃ ក្នុងឱកាសបុណ្យកាន់បិណ្ឌ(បិណ្ឌទី៨) នៅវត្តសេកមាស ស្ថិតនៅភូមិសេកយំ ឃុំពងទឹក ស្រុករំដួល ។
លោកបានថ្លែងនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកស្រីកិត្តិសង្គហបណ្ឌិតម៉ែន សំអនជូនដល់ប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមនៅក្នុងពិធីកាន់បិណ្ឌទី ៨ នេះផងដែរ។
លោករស់ ផារិទ្ធបានថ្លែងថា បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌតែងតែនាំគ្នាទៅវត្តធ្វើបុណ្យទានជាមួយព្រះសង្ឃ ដើម្បីឧទ្ទិសដល់ញាតិការទាំងប្រាំពីរសន្ដានដែលបាក់បែកចិត្តតាមទៅលោកខាងមុខផងដែរ។ម៉្យាងទៀតមុនធ្វើចង្ហាន់ទៅប្រគេនព្រះសង្ឃ គង់តាមវត្តអារាម សូមឲ្យនឹកដល់មនុស្ស ២ នាក់ ដែលអ្នកបានឃើញមុខមុនគេគឺឪពុកម្តាយ ស្របពេលយើងបានបង្ហាញវត្តមានលើផែនដីមួយនេះ។
បន្ថែមលើសពីនេះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវ បន្តថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ គោរពច្បាប់ចរាចរណ៍ បង្ក្រាបបទល្មើសគ្រឿងញៀនគ្រប់ប្រភេទនៅមូលដ្ឋាន ដោយត្រូវអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពឲ្យបានល្អ ដើម្បីធនាបានសន្តិសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋនៅមូលដ្ឋានរស់នៅដោយសុខដុមរមនា ជាពិសេសត្រូវបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទនៅមូលដ្ឋានឲ្យបានជាដាច់ខាត ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុន សែន ដាក់បទបញ្ជាឲ្យអាជ្ញាធរដែលពាក់ព័ន្ធបង្ក្រាបល្បែងស៊ីសងនេះឱ្យមានប្រសិទ្ធភាពខ្ពស់៕