ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បញ្ជាក់ពីការត្រៀមខ្លួនជាថ្មី សម្រាប់ការដោះដូរអ្នកទោសជាមួយអាមេរិក

តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់ បានបញ្ជាក់ពីការត្រៀមខ្លួនជាថ្មី សម្រាប់ការផ្លាស់ប្តូរអ្នកទោសជាមួយសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Kanaani ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មាននិស្សិតអ៊ីរ៉ង់ (ISNA) កាលពីថ្ងៃអាទិត្យថា “យើងបានប្រកាសពីការត្រៀមខ្លួន រួចជាស្រេចរបស់យើង ក្នុងការផ្លាស់ប្តូរអ្នកទោស ហើយយើងនៅតែមានការត្រៀមខ្លួននេះ” ។

 លោកបានលើកឡើងថា “ការចរចាត្រូវបានធ្វើឡើងតាមវិធីផ្សេងៗគ្នា ហើយភាគីទាំងពីរ បានធ្វើកិច្ចព្រមព្រៀងចាំបាច់ ហើយឥឡូវនេះវាគឺជាការសម្រេចចិត្ត របស់រដ្ឋាភិបាលអាមេរិកក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះ ឬអត់”។

 លោក Kanaani ក៏បានលើកឡើងផងដែរថា បញ្ហានៃការដោះដូរអ្នកទោស មិនមានជាប់ពាក់ព័ន្ធជាមួយនឹងការបញ្ចប់កិច្ចពិភាក្សា ដែលមានគោលបំណង ធ្វើឱ្យមានការរស់ឡើងវិញនៃកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) នោះទេ។

នៅក្នុងនោះដែរ ក្រសួងការបរទេសអ៊ីរ៉ង់ បានបញ្ជាក់ថា ការផ្លាស់ប្តូរអ្នកទោស ជាមួយសហរដ្ឋអាមេរិក ត្រូវបានពិភាក្សានៅខាងក្រៅកិច្ចចរចានុយក្លេអ៊ែរ នៅទីក្រុងវីយែន៕ប្រែសម្រួល ឈូក បូរ៉ា

To Top