ព័ត៌មានជាតិ

កម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំថា្នក់ រដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុក ឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៦

ភ្នំពេញ ៖ នៅថ្ងៃពុធទី២១ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី ក្នុងនាមជាប្រធាន ប្ដូរវេន បានដឹកនាំកិច្ចប្រជុំថ្នាក់ រដ្ឋមន្ត្រីអាស៊ានទទួល បន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ (16th AMMTC and Its Related Meetings) តាមរយៈប្រព័ន្ធវីដេអូ។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញ ចូលរួមពី ប្រធានប្រតិភូទទួលបន្ទុក ឧក្រិដ្ឋឆ្លងដែន នៃប្រទេស សមាជិកអាស៊ាន, អគ្គលេខាធិការរងអាស៊ាន ទទួលបន្ទុកសហគមន៍សន្ដិសុខ នយោបាយ និងភ្ញៀវកិត្តិយសជាតិ-អន្ដរជាតិជាច្រើនរូបទៀត ។

សូមបញ្ជាក់ថា ក្រសួងមហាផ្ទៃកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី២១-២២ ខែកញ្ញា ឆ្នាំ២០២២ តាមប្រព័ន្ធវិដេអូ ។ កិច្ចប្រជុំនេះ គឺជាវេទិកាសម្រាប់ រដ្ឋមន្ត្រីមកពីបណ្តាប្រទេស សមាជិកអាស៊ាន ផ្លាស់ប្ដូរយោបល់ និងចែករំលែកបច្ចុប្បន្នភាព អំពីនិន្នាការនៃឧក្រិដ្ឋកម្មឆ្លងដែនក្នុងតំបន់ និងសកល ជាពិសេសលើប្រភេទ នៃឧក្រិដ្ឋកម្មទាំង១០ ដែលបានកំណត់ ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរបស់អាស៊ាន ដូចជា៖ ការរត់ពន្ធអាវុធ អំពើភេរវកម្ម ការសម្អាតប្រាក់ អំពើប្លន់លើផ្ទៃសមុទ្រ ការរត់ពន្ធមនុស្ស ការជួញដូរមនុស្ស បទល្មើសសេដ្ឋកិច្ចអន្តរជាតិ បទល្មើស បច្ចេកវិទ្យា ការជួញដូរគ្រឿងញៀន ខុសច្បាប់ និងការជួញដូរសត្វព្រៃ និងឈើខុសច្បាប់ ។ ទន្ទឹមនេះ កិច្ចប្រជុំ ក៏នឹងពិនិត្យ ពិភាក្សាលើកម្មវិធីការងារ និងផែនការសកម្មភាព ដែលបានដាក់ចេញកន្លងមក ដើម្បីឈានទៅកំណត់ទិសដៅអនុវត្តបន្តផងដែរ ៕

To Top