ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា លោក Achim Steiner អភិបាលកម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ (UNDP) បានប្ដេជ្ញាចិត្តនឹងធ្វើឱ្យកម្ពុជា ទទួលបានភាពជោគជ័យ លើការដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។
ក្នុងជំនួបពិភាក្សាការងារ នៅស្នាក់ការរបស់អង្គការសហប្រជាជាតិ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះលោក Achim Steiner ដែលគាំទ្រចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលបានខិតខំប្រឹងប្រែងចាកចេញពីប្រទេសក្រីក្រមកជាប្រទេសដែលមានការអភិវឌ្ឍន៍តិចតួច។
សម្ដេចតេជោ មានប្រសាសន៍ថា “កម្ពុជាពិតជាត្រូវការការគាំទ្រពី UNDP, កំពុងជំរុញគោលនយោបាយកម្ពុជាគ្មានមីននៅឆ្នាំ២០២៥ ហើយកម្ពុជាត្រូវការការគាំទ្រពី UNDP,បញ្ហាបម្រែបំរួលអាកាសធាតុ ដោយឆ្នាំនេះ កម្ពុជាធ្វើជាប្រធានអាស៊ាន ហើយក៏បានដាក់ចេញ នូវកិច្ចព្រមព្រៀងបៃតងអាស៊ាន ដែលចំណុចនេះក៏ត្រូវការគាំទ្រពី UNDP ផងដែរ”។
ជាការឆ្លើយតប លោក Achim Steiner ពិតជាឯកភាពទាំងស្រុងចំពោះការលើកឡើងរបស់ សម្ដេចតេជោ អំពីអ្វីដែលកម្ពុជាទទួលបានជោគជ័យលើការអភិវឌ្ឍន៍កន្លងទៅនេះ។ លោក ក៏បានគួរបញ្ជាក់ថា អង្គការ UNDP នឹងបន្តជួយប្រទេសដែលកំពុងអភិវឌ្ឍន៍ ជាពិសេសពាក់ព័ន្ធនឹងហិរញ្ញប្បទាន ហើយធ្វើយ៉ាងណាជំរុញយុទ្ធសាស្ត្រក្នុងការទាក់ទាញការវិនិយោគឱ្យបានខ្ពស់បំផុត។
លើសពីនេះទៅទៀត លោក ពិតជាមានមោទនភាពចំពោះអ្វីដែលកម្ពុជាបានទទួលជោគជ័យមកដល់ពេលនេះ ហើយយើងនឹងបន្តជួយដល់កម្ពុជាក្នុងការធ្វើដំណើរទៅមុខទៀត។ ហើយទាក់ទងទៅនឹងការដោះមីន និងយុត្តិភណ្ឌមិនទាន់ផ្ទុះនេះ UNDP ពិតជារីករាយដែលកន្លងមកបានធ្វើជាដៃគូ ជាមួយនឹងកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីននៅកម្ពុជានោះ។
លោក បានគូសបញ្ជាក់ថា “យើងនឹងធ្វើឲ្យកម្ពុជា ទទួលបាននូវភាពជោគជ័យជាពិសេស លើការដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ”។
ពាក់ព័ន្ធទៅនឹងកិច្ចព្រមព្រៀងបៃតងអាស៊ានវិញ លោក បានថ្លែងថា ចំពោះប្រទេសដែលកំពុងមានការអភិវឌ្ឍ ការងារនេះមិនមែនជាឧបសគ្គទេ ជាការងារដែលយើងត្រូវតែយកចិត្តទុកដាក់ ពិសេសក្នុងតំបន់អាស៊ានតែម្ដង។ លោក ក៏បានបញ្ជាក់ទៀតថា គោលនយោបាយបៃតងនេះ អ្វីដែលយើងត្រូវធ្វើគឺការជំរុញធ្វើយ៉ាងម៉េច ឱ្យសេដ្ឋកិច្ចបៃតងនេះ ជាគន្លឹះក្នុងសេដ្ឋកិច្ចក្របខណ្ឌរួម៕