ព័ត៌មានជាតិ

UN​ សាទរចំពោះភាពជោគជ័យ នៃដំណើរការ​ កាត់​ទោស​មេដឹកនាំ​ខ្មែរ​ក្រហម

ភ្នំពេញ​ ៖​ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ​ (UN) បានអបអរសាទរ ចំពោះភាពជោគជ័យដ៏អស្ចារ្យនៃតុលាការខ្មែរក្រហម​ ក្រោយពីដំណើរការកាត់ទោសមេដឹកនាំខ្មែរក្រហម។

ក្នុងជំនួបពិភាក្សាការងារជាមួយ​ ​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នាថ្ងៃទី២២​ ខែកញ្ញា​ ឆ្នាំ២០២២​ លោក Antonio Guterres​ បានថ្លែង”អបអរសាទរ ចំពោះភាពជោគជ័យដ៏អស្ចារ្យនៃតុលាការខ្មែរក្រហមនេះ”។

លោក​ មានការចងចាំច្បាស់ណាស់ថា សម្ដេចតេជោបានដឹកនាំផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាមួយនឹងការជួយរបស់ប្រទេសវៀតណាម។ ដូច្នេះក្នុងន័យនេះ លោក​ បានគូសបញ្ជាក់ថា នេះជាការងារមួយដែល លោកបានចងចាំយ៉ាងច្បាស់។

នាឱកាសនោះ​ សម្ដេចតេជោ ហ៊ុន​ សែន​ បានគូបញ្ជាក់ពីភាពជោគជ័យ នៃតុលាការខ្មែរក្រហម ដែលជាកិច្ចសហការរវាងរដ្ឋាភិបាលកម្ពុជាជា មួយនឹងអង្គការសហប្រជាជាតិ។ ដែលនៅថ្ងៃនេះ តុលាការកូនកាត់នេះ បានប្រកាសសាលក្រមស្វែងរកយុត្តិធម៌ចំពោះប្រជាពលរដ្ឋដែលជាអ្នករងគ្រោះរបបប្រល័យពូជសាសន៍នោះ។

សូមរំលឹកថា​ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅថាសាលាក្តីខ្មែរក្រហម នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ បានប្រកាសសាលដីកាលើបណ្តឹងសាទុក្ខសំណុំរឿង ០០២/០២ ពាក់ព័ន្ធជនជាប់ចោទ ខៀវ សំផន អតីតប្រធានគណៈប្រធានរដ្ឋនៃរបបខ្មែរក្រហម។ សាលដីកានេះ បានសម្រេចតម្កល់សេចក្តីសម្រេចរបស់ខ្លួន ដោយផ្តន្ទាទោស លោក ខៀវ សំផន ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ហើយបិទផ្លូវតវ៉ាតែម្តង៕

To Top