ព័ត៌មានជាតិ

ឃាត់ខ្លួន មេក្លោងនិងម្ចាស់ទីតាំងព្រមទាំងបុគ្គលិក៩នាក់ ពាក់ព័ន្ធករណីបើកហាងបញ្ចាំខុសច្បាប់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

ភ្នំពេញ៖ មេក្លោង និងម្ចាស់ទីតាំង ព្រមទាំងបុគ្គលិក ប្រមាណជា៩នាក់ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន និងបញ្ជួនទៅតុលាការ ពាក់ព័ន្ធករណីបើកហាងបញ្ចាំខុសច្បាប់ ។

លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា ប្រតិបត្តិការនេះធ្វើឡើង ក្រោមការផ្ទាល់ពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដោយអនុវត្តតាមអនុសាសន៍ដ៏ម៉ឺងម៉ាត់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ពាក់ព័ន្ធការបង្ក្រាបបទល្មើសល្បែងស៉ីសងខុសច្បាប់។

លោក ឃ្លាំង ហួត  បានឱ្យដឹងផងដែរថា ប្រតិបត្តិការនេះ បានធ្វើនៅសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ដោយក្នុងនោះរកឃើញ ហាងបញ្ចាំចំនួន១៣ អត់មានច្បាប់អនុញ្ញាត សមត្ថកិច្ចដកហូតបានម៉ូតូចំនួន ១១១៣គ្រឿង រថយន្ត ចំនួន ១៤គ្រឿង ម៉ូតូកង់បី ចំនួន ៩គ្រឿង Passapp ចំនួន ១២គ្រឿង ឃាត់ខ្លួនម្ចាស់ទីតាំង និងបុគ្គលិកចំនួន៩នាក់ ក្នុងនោះមានមេក្លោងម្នាក់ ត្រូវកសាងសំណុំរឿងបញ្ជូន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។

លោក ឃ្លាំង ហួត បញ្ជាក់ថា សមត្ថកិច្ចបានយកទីតាំងហាងបញ្ចាំចុងក្រោយ ដែលមិនមានច្បាប់អនុញ្ញាត ដើម្បីរក្សាទុកម៉ូតូពាក់ព័ន្ធនឹងបទល្មើស ព្រមទាំងម៉ូតូដែលមិនពាក់ព័ន្ធនឹងបទល្មើស ក្នុងន័យផ្តល់ភាពងាយស្រួលដល់សមត្ថកិច្ច៕

To Top