ភ្នំពេញ៖ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យ ដែលបានសម្លាប់ស្ត្រីម្នាក់ រួចយកដាកសពទៅទុកក្នុងរថយន្តម៉ាកព្រូស ហើយប្លុងចោលនៅក្រោយផ្សារទំនើបភូពុយ នៅក្នុងក្រុងបាត់ដំបងហើយរត់គេចខ្លួននោះ ឥឡូវនេះត្រូវបានសមត្ថកិច្ចនគរបាលជំនាញខេត្ត សហការជាមួយសមត្ថកិច្ចនគរបាលថៃ ចាប់ខ្លួនបានហើយ នៅប្រទេសថៃ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០២២។
ឥឡូវនេះ ជនសង្ស័យត្រូវបានបញ្ជូនខ្លួន មកដល់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងហើយ ដើម្បីធ្វើការសាកសួរចម្លើយ និង ចាត់ការ តាមនីតិវិធីច្បាប់។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា: ជនសង្ស័យរូបនេះ មានឈ្មោះ មាស ពេជ្របូរមី ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជនសង្ស័យត្រូវបានជាប់ចោទពីបទ ឃាតកម្ម តាមបញ្ញត្តិមាត្រា ១៩៩ នៃ ក្រមព្រហ្មទណ្ឌ។
ចំណែកឯ ជនរងគ្រោះ មានឈ្មោះ ឌីម សោភា ភេទ ស្រី អាយុ ៣៤ឆ្នាំ មានស្រុកកំណើត នៅខេត្តកំពង់ចាម មានមុខរបរជាអ្នកសំអាង និងកែសម្ផស្ស ព្រមទាំងលក់ដីឡូត៍ និងលក់អនឡាញទៀតផង មានទីលំនៅក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
គួររំលឹកថា កាលពីព្រលប់ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២២ ស្ត្រីម្នាក់ ត្រូវគេបានប្រទះឃើញ ស្លាប់នៅបាំងខាងក្រោយ នៃរថយន្តម៉ាកព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BQ-1371ដែលត្រូវបានទុកប្លុងចោល នៅខាងក្រោយបរិវេណផ្សារទំនើបភូពុយ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
សមត្ថកិច្ចនគរបាលបាននិយាយថា នាពេលសាកសួរចម្លើយ, ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាសម្លាប់ជនរងគ្រោះ ពិតប្រាកដមែន។ មូលហេតុ គឺដោយសារតែខ្លួនមានជម្លោះពាក្យសម្ដីគ្នា ជាមួយនឹងជនរងគ្រោះ នៅថ្ងៃកើតហេតុនោះ។
ជនសង្ស័យបាននិយាយថា ខ្លួននិងជនរងគ្រោះគ្រោះ គឺជាប្តីប្រពន្ធ លួចលាក់នឹងគ្នា (ឬដៃគូស្នេហានឹងគ្នា)៕ ដោយ: លីហ្សា