បាងកក ៖ នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃច័ន្ទ បានបញ្ជាឱ្យភ្នាក់ងារពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់តំបន់រងគ្រោះដោយទឹកជំនន់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
អ្នកនាំពាក្យរដ្ឋាភិបាលស្តីទី លោក Anucha Burapachaisri បានលើកឡើងថា នៅក្នុងកិច្ចប្រជុំ ស្តីពីការគ្រប់គ្រង និងជំនួយស្ថានភាពទឹកជំនន់ លោក ប្រាយុទ្ធ បានជំរុញកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយអ្នកស្រុក និងសហគ្រិន ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយទឹកជំនន់។
លោក ប្រាយុទ្ធ ក៏បានបញ្ជាឱ្យភ្នាក់ងារសាធារណៈ និងយោធា ចល័តបុគ្គលិក និងឧបករណ៍ ដើម្បីជួយជម្លៀសប្រជាជន ដែលរងផលប៉ះពាល់ ទៅកាន់តំបន់សុវត្ថិភាព និងផ្តល់អាហារ ទឹកស្អាត និងថ្នាំពេទ្យ ដល់អ្នកដែលត្រូវការជំនួយ។
អ្នកនាំពាក្យរូបនេះបានបន្ដថា នាយករដ្ឋមន្ត្រីគ្រោងនឹងធ្វើទស្សនកិច្ចទៅកាន់ខេត្តខុនកែន ភាគឦសាន និងខេត្ត Ubon Ratchathani នៅថ្ងៃអង្គារនេះ ដើម្បីពិនិត្យមើលស្ថានភាពទឹកជំនន់ ។
គិតត្រឹមថ្ងៃចន្ទនេះម្សិលមិញ ភ្លៀងធ្លាក់ខ្លាំងបានបង្កជាទឹកជំនន់ ក្នុងខេត្តចំនួន ១៦ ក្នុងប្រទេសថៃ នេះបើយោងតាមនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ ក្រោមក្រសួងមហាផ្ទៃ ៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
