តូក្យូ៖ មន្ត្រីក្រសួងការបរទេសម្នាក់បានឲ្យដឹងថា សហរដ្ឋអាមេរិកនឹង “ឆ្លើយតបយ៉ាងម៉ឺងម៉ាត់” ចំពោះការគំរាមកំហែងកើនឡើង ដែលបង្កឡើងដោយកូរ៉េខាងជើង មន្ត្រីក្រសួងការបរទេសបានឲ្យដឹង បន្ទាប់ពីទីក្រុងព្យុងយ៉ាង បានបាញ់មីស៊ីលដែលហោះ ពីលើប្រទេសជប៉ុន ខណៈពេលដែលសង្កត់ធ្ងន់ថា ការប្តេជ្ញាចិត្តការពារជាតិ របស់សហរដ្ឋអាមេរិក ចំពោះសម្ព័ន្ធមិត្តសំខាន់ៗនៅអាស៊ី នៅតែ “រឹងមាំដូចជាដែកថែប”។
លោក Daniel Kritenbrink ដែលជាអ្នកការទូតកំពូល របស់នាយកដ្ឋានប្រចាំតំបន់អាស៊ីបូព៌ា ក៏បានរំលឹកឡើងវិញនូវ ការវាយតម្លៃរបស់សហរដ្ឋអាមេរិកថា កូរ៉េខាងជើង កំពុងរៀបចំធ្វើតេស្តនុយក្លេអ៊ែរ លើកដំបូងរបស់ខ្លួនក្នុង រយៈពេលប៉ុន្មានឆ្នាំមកនេះ ដែលលោកបានព្រមានថា នឹងក្លាយជា “ការកើនឡើងភាពតានតឹងយ៉ាងធ្ងន់ធ្ងរ”។
បើទោះជារដ្ឋបាលអាមេរិក របស់ប្រធានាធិបតីលោក ចូ បៃដិន បានបើកទូលាយក្នុងការសន្ទនា ជាមួយកូរ៉េខាងជើងក៏ដោយ “ការឆ្លើយតបតែមួយគត់ ដែលយើងបានឃើញ រហូតមកដល់ពេលនេះ គឺការកើនឡើងនៃចំនួន ការសាកល្បងមីស៊ីល និងសកម្មភាពបង្កហេតុផ្សេងទៀត”។
លោកបានបន្ថែមថា ខ្ញុំគ្រាន់តែគូសបញ្ជាក់ថា នេះមិនមែនជាផ្លូវដែល មានផលិតភាពទៅមុខនោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
ខណៈពេលដែលកត់សម្គាល់ថា ទីក្រុងវ៉ាស៊ីនតោន មានបំណងចាកចេញ ពីទ្វារនៃការទូតបើកចំហ មន្ត្រីរូបនេះបានលើកឡើងថា “យើងនឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះការគំរាមកំហែង ដែលកំពុងកើនឡើងនេះ” ដោយបន្ថែមថា សហរដ្ឋអាមេរិក “មិនមានជម្រើសផ្សេងទៀតនោះទេ” ។
ប្រទេសកូរ៉េខាងជើង នៅថ្ងៃអង្គារនេះ បានបាញ់មីស៊ីលឆ្លងទ្វីប ភាគឦសានប្រទេសជប៉ុន ដែលជាលើកទីមួយ ដែលបានបាញ់ឆ្លងកាត់ ប្រជុំកោះជប៉ុនក្នុងរយៈពេលជិត ៥ឆ្នាំបន្ទាប់ពីការសាកល្បងមីស៊ីលផ្លោង ជាបន្តបន្ទាប់ឆ្ពោះទៅកាន់សមុទ្រជប៉ុន ៕
ប្រែសម្រួល ឈូក បូរ៉ា