ភ្នំពេញ៖ អ្នកប្រដាល់ វ៉ាន់ វឿន ក្លិបឃ្លាំងមឿនកីឡានៃសមាគមកីឡាប្រដាល់ក្រសួងការពារជាតិប៉ះអ្នកប្រដាល់ ឈុត សេរីវ៉ាន់ថង ក្លិបរាហ៊ូកីឡា ខេត្តបាត់ដំបងសមាគមកីឡាប្រដាល់ក្រសួងការពារជាតិនៃព្រឹត្តិការណ៍បើកការប្រកួតកីឡាប្រដាល់គុនខ្មែរដណ្តើមខ្សែក្រវ៉ាត់ ពានរង្វាន់សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិប្រភេទទម្ងន់ ៦០គីឡូកាមដំណើរឆ្ពោះទៅព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ នៅសង្វៀនTV5 ព្រែកថ្លឹងក្នុងពូល B។
អ្នកប្រដាល់ វ៉ាន់ វឿន ក្លិបឃ្លាំងមឿនកីឡានៃសមាគមកីឡាប្រដាល់ក្រសួងការពារជាតិត្រូវការឈ្នះអ្នកប្រដាល់ ឈុត សេរីវ៉ាន់ថង ក្លិបរាហ៊ូកីឡា ខេត្តបាត់ដំបងសមាគមកីឡាប្រដាល់ក្រសួងការពារជាតិជាចំបាច់ដើម្បីដណ្តើមកៅអីចំណាត់លេខ ១ លើតារាងប្រកួតក្នុងពូល ខណៈអ្នកប្រដាល់ រិន ដេវីត ក្លិបនាគរាជចតុមុខនៃសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃជួបជាមួយអ្នកប្រដាល់ សៀវ ង៉ុយ ក្លិបអភិរក្សគុនខ្មែររុងរឿង។
ចំពោះអ្នកប្រដាល់ រិន ដេវីត និងអ្នកប្រដាល់ សៀវ ង៉ុយ កាលប្រកួតជុំទី១អ្នកទំាង២នាក់ចាញ់ដូចគ្នា ដូច្នេះអ្នកប្រដាល់ រិន ដេវីត និងអ្នកប្រដាល់ សៀវ ង៉ុយក៏ត្រូវការឈ្នះរៀងៗខ្លួនដែរ។ អ្នកប្រដាល់ សៀវ ង៉ុយមានប្រៀបជាងអ្នកប្រដាល់ រិន ដេវីត ដោយសារ រិន ដេវីតចាញ់ក្រោមថ្វីដៃអ្នកប្រដាល់ ឈុត សេរីវ៉ាន់ថងសន្លប់នៅទឹកទី២ ចំណែកអ្នកប្រដាល់ សៀវ ង៉ុយចាញ់អ្នកប្រដាល់ វ៉ាន់ វឿនដោយពិន្ទុ។
ព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរដណ្តើមខ្សែក្រវ៉ាត់ពានរង្វាន់ សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាពេលនេះពិតជាបានចូលរួមចំណែកជាមួយនឹងការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជាដូចជាចូលរួមចំណែកផ្សព្វផ្សាយនូវសមិទ្ធិផលរីកចម្រើនលើគ្រប់វិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកដោយគតិបណ្ឌិត របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ព្រមទំាងរួមចំណែកលើកស្ទួយវិស័យសិល្បៈ វប្បធម៌ កីឡា នយោបាយ សេដ្ឋកិច្ច ទេសចរណ៍ និងវិស័យផ្សេងទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា៕
ដោយ៖លី ភីលីព