ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប អនុម័ត​កញ្ចប់​ទណ្ឌកម្ម​ទី៨ ប្រឆាំង​នឹង​ប្រទេសរុស្ស៊ី

ព្រុចសែល៖ ក្រុមប្រឹក្សាសហភាពអឺរ៉ុប បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហភាពអឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍ បានអនុម័តកញ្ចប់ទណ្ឌកម្មថ្មី ដែលមានគោលបំណងបង្កើន និងពង្រឹងវិធានការរឹតត្បិត ប្រឆាំងនឹងប្រទេសរុស្ស៊ី។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ជុំទី៨ នៃទណ្ឌកម្មរបស់សហភាពអឺរ៉ុប បានធ្វើឡើងជាការឆ្លើយតបទៅនឹង “ការបញ្ចូលខុសច្បាប់នៃតំបន់ Donetsk, Luhansk, Zaporizhzhia និង Kherson របស់អ៊ុយក្រែន” ។

វិធានការថ្មីដាក់បញ្ចូលតម្លៃ G7 (Group of Seven) ទៅក្នុងទណ្ឌកម្ម ដែលមានស្រាប់លើប្រេងរុស្ស៊ី ពង្រីកការរឹតបន្តឹងលើសេវាកម្ម ការនាំចេញ និងការនាំចូល ហើយបន្ថែមបុគ្គល និងអង្គភាពបន្ថែមទៀតទៅ ក្នុងបញ្ជីទណ្ឌកម្ម។

កញ្ចប់នេះណែនាំមូលដ្ឋាន សម្រាប់ដាក់កំណត់តម្លៃ ដែលទាក់ទងនឹងការដឹកជញ្ជូន ប្រេងតាមសមុទ្ររបស់រុស្ស៊ី សម្រាប់ប្រទេសទី៣ និងរឹតបន្តឹងបន្ថែមទៀត លើការដឹកជញ្ជូនប្រេងឆៅ និងផលិតផលប្រេងតាមសមុទ្រ ទៅកាន់ប្រទេសទី៣។

កញ្ចប់នេះក៏រួមបញ្ចូលផងដែរ នូវការដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាព ដែលបានដើរតួនាទីក្នុងការរៀបចំ “ការធ្វើប្រជាមតិខុសច្បាប់” អ្នកតំណាងនៃវិស័យការពារជាតិ និងបុគ្គលល្បីៗ ដែលផ្សព្វផ្សាយព័ត៌មានមិនពិត អំពីវិបត្តិអ៊ុយក្រែន។

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានឲ្យដឹងកាលពីសប្តាហ៍មុនថា កញ្ចប់នេះនឹងរឹតត្បិតពាណិជ្ជកម្ម បន្ថែមទៀតដើម្បី “ផ្តាច់ខ្លួន និងប៉ះពាល់ដល់សេដ្ឋកិច្ច របស់រុស្ស៊ីកាន់តែច្រើន” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top