ព័ត៌មានជាតិ

បេសកកម្ម ដាំកូនឈើតំបន់ភ្នំតាម៉ៅបានបញ្ចប់ ដោយជោគជ័យជាស្ថាពរ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស នៅរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ បានដឹកនាំកម្លាំងបញ្ជាកាដ្ឋាន បញ្ចប់បេសកកម្មដាំកូនឈើ នៅតំបន់ភ្នំតាម៉ៅ សម្រេចជោគជ័យជាស្ថាពរ ១០០% ឆ្លើយតបតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែមនាយករដ្ឋមន្ត្រីកម្ពុជា។

ក្រោយបញ្ចប់សកម្មភាពដាំដើនឈើនេះ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានប្រជុំដើម្បីប្រគល់ការគ្រប់គ្រងនៅតំបន់ភ្នំតាម៉ៅ ទៅឲ្យរដ្ឋបាលខេត្តតាកែវ រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម មន្ទីកសិកម្មខេត្ត រដ្ឋបាលស្រុកបាទី និងអាជ្ញាធរមូលដ្ឋាន រដ្ឋបាលឃុំក្រាំងឆ្នង់ និងរដ្ឋបាលឃុំកណ្ដឹង ជាអ្នកគ្រប់គ្រងបន្ត ក្រោយពេលបញ្ជាការដ្ឋានអង្គរក្ស ដកកម្លាំងចូលអង្គភាពវិញ។ នេះបើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា។

បន្ទាប់ពីបានទទួលបទបញ្ជារបស់សម្ដេចតេជោ កាលពីថ្ងៃទី១០ ខែសីហាឆ្នាំ២០២២ បញ្ជាការដ្ឋានអង្គរក្ស បញ្ជូនកម្លាំងចំនួន១២២៥នាក់ និងគ្រឿងចក្ររាប់សិបគ្រឿងចុះឈូសឆាយ កាយកប់ សម្អាតដី ដាំកូនឈើប្រណីត ជីកស្រះចំនួន២ និងអាងស្តុកទឹកធំនៅចំកណ្តាល ១កន្លែង ដែលអាចស្រោចស្រប់កូនឈើ នូវរដូវប្រាំងដោយគ្មានបញ្ហាចោទ ព្រមទាំងដាំបង្គោលថ្ម និងព័ទ្ធលួសបន្លារ ជុំវិញផ្ទៃដី៥៣០ហិកតា ហើយបានដាំកូនឈើឡើងវិញ នៅតំបន់ភ្នំតាម៉ៅ ។

មកដល់បច្ចុប្បន្ន បានសម្រេចលទ្ធផលដូចជា៖ ដាំកូនឈើបានចំនួន១៥៧.៩៥១ដើម សម្អាតដី បានចំនួន ៥៣០ ហិកតា ជីកស្រះបានចំនួន២កន្លែង ជីកអាងស្តុកទឹកបានចំនួន១កន្លែង ធ្វើរបងដាំបង្គោលថ្មបានចំនួន ៥.០២៩ ដើម និងព័ទ្ធលួសបន្លាបានប្រវែង៥០.២៨០ម៉ែត។

ក្រោយបញ្ចប់បេសកកម្មបញ្ជាការដ្ឋានអង្គរក្ស ត្រូវរៀបចំកម្លាំង និងគ្រឿងចក្រដើម្បីត្រឡប់ចូលអង្គភាពវិញ នៅថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២២នេះ៕

To Top