ព័ត៌មានជាតិ

រសៀលនេះ សម្តេចតេជោ នឹងអញ្ជើញបិទសន្និបាត កាយរិទ្ធជាតិកម្ពុជា

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងអញ្ជើញជាអធិបតីភាព បិទសន្និបាតកាយរិទ្ធជាតិកម្ពុជា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

កាយរឹទ្ធិជាតិកម្ពុជា គឺជាចលនាអប់រំក្រៅប្រព័ន្ធ យ៉ាងសកម្មមួយដែលបានចូលរួម គាំទ្រដល់ប្រព័ន្ធអប់រំនៅកម្ពុជា និងបានចូលរួមយ៉ាងជោគជ័យ ក្នុងសកម្មភាពស្ម័គ្រចិត្ត ក៏ដូចជាអនុវត្តគម្រោងសហគមន៍ផ្សេងៗ តាមរយៈការផ្សារភ្ជាប់កុមារ និងយុវជនទៅក្នុងសហគមន៍នានា។

សូមរំលឹកថា កម្ពុជាបានបង្កើតក្រុមកាយរឹទ្ធកាលពីឆ្នាំ ១៩៤៣ តែមិនទាន់ចូលជាកាយរឹទ្ធពិភពលោកនោះទេ។ ដោយសារសង្គ្រាម ក្រុមកាយរឹទ្ធនេះក៏ត្រូវបាន រំសាយ ហើយក្រោយចប់សង្គ្រាមគឺនៅឆ្នាំ ១៩៩៩ ទើបកម្ពុជា បានបង្កើតក្រុមនេះជាថ្មី និងនៅក្នុងឆ្នាំ ២០០៦ ក៏មានការប្រជុំធំមួយរហូតដល់ឆ្នាំ ២០០៨ កម្ពុជាក៏បានចូលរួមសកម្មភាព កាយរឹទ្ធពិភពលោក។

លើសពីនេះ កាយរឹទ្ធិជាតិកម្ពុជា គឺជាធនធានដ៏មានសារៈសំខាន់ ដែលត្រូវតែអភិវឌ្ឍធនធានទាំងនេះ ឱ្យមានសក្តានុពលពេញលេញខាងផ្លូវកាយ ផ្លូវបញ្ញា ផ្លូវសង្គម ផ្លូវចិត្ត ដើម្បីឱ្យពួកគេក្លាយទៅជា ពលរដ្ឋមានការទទួលខុសត្រូវក្នុងសង្គម និងជាសមាជិកសកម្មក្នុងសហគមន៍ នៅតាមមូលដ្ឋានរស់នៅដោយផ្អែក លើមូលដ្ឋានរៀនដោយអនុវត្តជាក់ស្តែង និងវិធីកាយរឹទិ្ធកម្ម៕

To Top