នយោបាយ

គុយបា គាំទ្រកម្ពុជាពេញ ទំហឹងចំពោះចំណាត់ការ លើក្រុមឧទ្ទាមដែលរៀបចំ ផែនការផ្ដួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់

ភ្នំពេញ៖ លោក Hidalgo-Gato Pérez ឯកអគ្គរដ្ឋទូតគុយបា ចប់អាណត្តិប្រចាំកម្ពុជា បានលើកឡើងថា រដ្ឋាភិបាលគុយបា គាំទ្រកម្ពុជាពេញទំហឹងចំពោះ ចំណាត់ការផ្លូវច្បាប់ លើក្រុមឧទ្ទាមដឹកនាំដោយទណ្ឌិត សម រង្ស៊ី ដែលរៀបចំផែនការផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ។

ការលើកឡើងរបស់ ឯកអគ្គរដ្ឋទូតគុយបា បែបនេះ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងតែអនុវត្តវិធានការផ្លូវច្បាប់ទប់ស្កាត់និងកម្ចាត់ ក្រុមឧទ្ទាមដឹកនាំដោយជនក្បត់ជាតិ សម រង្ស៊ី ដែលប្រកាសវិលចូលស្រុក នៅថ្ងៃ៩ វិច្ឆិកា ខាងមុខនេះដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានប្រកាសជារឿយៗ ឲ្យប្រជាពលរដ្ឋចូលរួមហូបអំបុកគ្រប់ៗគ្នា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីការពារជាតិ សាសនា និងព្រះមហាក្សត្រ ប្រឆាំងទៅនឹងទណ្ឌិត សម រង្ស៊ី និងបក្ខពួកដែលចង់មកផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់កើតចេញពីការបោះឆ្នោតនាពេលកន្លងទៅ និងដើម្បីអបអរសាទរការរៀបចំ ពិធីបុណ្យអកអំបុក សំពះ ព្រះខែនិង អុំទូក នាថ្ងៃទី១០-១២ វិច្ឆិកា ផងដែរ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ជំនួបរវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ និងលោកឯកអគ្គរដ្ឋទូតគុយបា នៅថ្ងៃទី២៨ តុលានេះ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានមានប្រសាសន៍ថា លោកឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះ ភាពជោគជ័យផ្នែកការទូត របស់លោកឯកអគ្គរដ្ឋទូត ដែលបានបំពេញការងារ យ៉ាងសស្រាក់សស្រាំនៅប្រទេសកម្ពុជា ក្នុងការថែរក្សាចំណងមិត្តភាព ក៏ដូចជាការធ្វើឲ្យកាន់តែប្រសើរឡើង នូវទំនាក់ទំនងជាប្រពៃណីរវាងប្រទេសទាំងពីរ ។

លោកបន្តថា លោកឧបនាយករដ្ឋមន្ត្រី ក៏បានជំរុញឲ្យប្រទេសទាំងពីរ ពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យជាច្រើនទៀត ជាពិសេសវិស័យសុខាភិបាល ។ លោកឧបនាយកតដ្ឋមន្ត្រី​ ក៏បានជំរុញឲ្យភាគីទាំងពីរធ្វេីយ៉ាងណា​ ពិនិត្យមេីលសក្តានុពល​ លេីផ្នែកពាណិជ្ជកម្មឲ្យកាន់តែមានលក្ខណៈល្អប្រសេីរថែមទៀត​ ។

លោកបន្ថែមថា លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា រដ្ឋាភិបាលគុយបា គាំទ្រដល់ចំណាត់ការស្របច្បាប់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងថែរក្សាសុខសន្តិភាព ស្ថេរភាព ជូនប្រជាជន ។

លោក កុយ គួង បញ្ជាក់ថា «លោកឯកអគ្គរដ្ឋទូត យល់ច្បាស់ពីស្ថានការណ៍ នៅប្រទេសកម្ពុជា លោកបានមើលឃើញពីការរីកចម្រើន និងសុខសន្តិភាព ដែលប្រជាជនកម្ពុជា កំពុងតែទទួលបាន ដូច្នេះព័ត៌មានទូទៅលោកតែងតែ តាមដានដោយយកចិត្តទុកដាក់ ពីស្ថានភាពនៅប្រទេសកម្ពុជា ដូច្នេះលោកគ្រាន់តែបញ្ចេញទស្សនៈពីជំហរថា គុយបាគាំទ្រពេញលេញដល់ វិធានការ ក៏ដូចជាចំណាត់ការនានា របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរក្សាស្ថេរភាព និងសុខសន្តិភាពជូនប្រជាជន» ។

បន្ថែមលើនេះអ្នកនាំពាក្យថ្លែងថា វិធានការផ្លូវច្បាប់ លើក្រុមឧទ្ទាមនេះ មិនមែនមានតែសម្រាប់ រាជរដ្ឋាភិបាលកម្ពុជានោះទេ គឺជាគោលគារណ៍សាកល ដែលរដ្ឋាភិបាលណាក៏ដោយ គឺតែងតែចង់ឲ្យប្រជាជន ទទួលបានសុខសន្តិភាព ។

លោកបន្តថា រាល់អំពើទាំងឡាយណា ដែលបង្កឲ្យមានការលំបាកដល់ប្រជាជន ក៏ដូចជាចំពោះជាតិ គឺរដ្ឋាភិបាលតែងតែចាត់វិធានការ គ្រប់បែបយ៉ាង ដើម្បីទប់ស្កាត់ផលវិបាកនោះ មិនឲ្យកើតឡើងឡើយ ៕

ដោយ៖ ខា ដា

To Top