ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសជាសាធារណថា មិនបន្តប្តឹងទៅសាលាឧទ្ធរណ៍នៅបារាំង ដើម្បីប្រឆាំងលោក សម រង្ស៊ីនោះទេ ក្រោយពីតុលាការបារាំង ផ្តល់យុត្តិធម៌ និងភាពស្អាតស្អំជូនចំពោះសម្តេចតេជោ។
ការលើកឡើងរបស់សម្ដេចតេជោក្រោយពីតុលាការ ប្រទេសបារាំង កាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២២ បានសម្រេចថា សម្តេចតេជោ មិនស្ថិតនៅពីក្រោយការស្លាប់របស់ លោក ហុក ឡង់ឌី ដូចការចោទប្រកាន់របស់លោក សម រង្ស៉ី នោះទេ។ ជាមួយគ្នានេះ លោក សម រង្ស៊ីក៏បានប្រកាសពីភាពឈ្នះរបស់លោកដែរ ចំពោះការប្រកាសសាលក្រមនេះ។
ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យា ល័យភ្នំពេញអន្តរជាតិ (PPIU) នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោបានប្រកាសឲ្យដឹងថា បើសិនលោក សម រង្ស៊ី ចង់បន្ដប្តឹងទៅសាលាឧទ្ធរណ៍បារាំងទៀតនោះ សម្តេច អាចតាមកំដររហូតដល់ទីបញ្ចប់បានផងដែរ។
ប៉ុន្តែសម្ដេចតេជោបញ្ជាក់ថា «ខ្ញុំ ត្រូវការភាពស្អាតស្អំតែប៉ុណ្ណឹង ឥឡូវភាពស្អាតស្អំរបស់ខ្ញុំ ទទួលបានហើយ។ ខ្ញុំ ប្រកាសចេញពីទីនេះ ខ្ញុំក្នុងនាមជាដើមបណ្ដឹងដែលមានសិទ្ធចុះហត្ថលេខាឲ្យមេធាវី ខ្ញុំសម្រេចចិត្តមិនប្ដឹងឧទ្ធរណ៍ទេ ព្រោះខ្ញុំបានទទួលការ ពេញចិត្តទៅលើការបកស្រាយថា ខ្ញុំគ្មានពាក់ព័ន្ធជាមួយនឹងការចោទប្រកាន់របស់មនុស្សចង្រៃនោះទេ (សម រង្ស៊ី)។ ប៉ុន្ដែក្នុងករណីអ្នកឯង (សម រង្ស៊ី) ប្ដឹងឧទ្ធរណ៍ ខ្ញុំនឹងកំដរលេងជាមួយអ្នកឯងដល់ទីបញ្ចប់ បើអ្នកមិនសុខចិត្ត»។
សម្ដេចតេជោ បានថ្លែងអរគុណចំពោះ តុលាការបារាំង បានផ្ដល់យុត្តិធម៌ និងភាពស្អាតស្អំជូនសម្ដេចនាពេលនេះដែលសម រង្ស៊ី តែតែងចាត់ទុកថា ជាតុលាការឯករាជ្យ។ សម្ដេចបន្ដថា ការចង់បានរបស់សម្តេច លើបណ្តឹងនេះ មិនមែនចង់បានលុយ សម រង្ស៉ី ឡើយ តែអ្វីដែលសម្តេចចង់បាននោះ គឺភាពស្អាតស្អំពីការចោទប្រកាន់របស់ សម រង្ស៉ី។
សម្ដេចតេជោ ក៏បានហៅសាលក្រមរបស់តុលាការបារាំងពេលនេះ ជាការសំអាតខ្លួនរបស់សម្តេច ជុំវិញការចោទប្រកាន់របស់លោក សម រង្ស៊ី និងជាភាពជោគជ័យក្នុងចិត្តទៅ គឺជោគជ័យមិនបាច់សង១អឺរ៉ូ។ សម្ដេចក៏បានបញ្ជាក់ទៀតថា «បើខ្ញុំជាអ្នកប្រព្រឹត្តដូចការចោទរបស់លោកឯងមែន ខ្ញុំត្រូវជាប់គុកមួយជីវិត»។
សូមរំលឹកថា កាលពីខែសីហា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន និងលោក ឌី វិជ្ជាដែលត្រូវជាកូន លោក ហុក ឡង់ឌីអតីតអគ្គស្នងការនគរបាលជាតិនិងបច្ចុប្បន្នជាកូនប្រសារសម្តេចតេជោ តាមរយៈមេធាវីរាជរដ្ឋាភិបាលកម្ពុជា និងមេធាវីបារាំង បានដាក់ពាក្យបណ្តឹងជាផ្លូវការ២ដាច់ដោយឡែកពីគ្នា ដើម្បីប្តឹងបុគ្គលសម រង្ស៉ី ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈចំពោះបុគ្គល» ទៅកាន់តុលាការទីក្រុងប៉ារីស ប្រទេសបារាំង ។ ការសម្រេចដាក់ពាក្យប្តឹងនេះ បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៉ី បានបង្ហោះសារបំផ្លើសការពិតដោយចោទប្រកាន់ថា សម្តេចតេជោ ជាអ្នកនៅពីក្រោយការ ស្លាប់របស់លោក ហុក ឡង់ឌី អតីតអគ្គស្នងការនគរបាលជាតិកម្ពុជា៕