ព័ត៌មានជាតិ

កាត់ទោស បុរសកូរ៉េខាងត្បួងម្នាក់ ពាក់ព័ន្ធនឹងការឆបោកលុយ ១៤ម៉ឺនដុល្លារ និងស្នាក់នៅខុសច្បាប់ នៅកម្ពុជា

ភ្នំពេញ៖ ជនជាប់ចោទកូរ៉េខាងត្បូងម្នាក់ កាលពីថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២២ ត្រូវបានចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ ធ្វើការជំនុំជម្រះជាសាធារណៈ ជាប់ពាក់ព័ន្ធនឹងការឆបោកប្រាក់ ប្រមាណ ១៤០០០០ (១៤ម៉ឺន) ដុល្លារអាមេរិក ពីបុរសកូរ៉េខាងត្បូងម្នាក់ ដែលត្រូវជាមិត្តភក្តិ និងដៃគូរកស៊ីជាមួយគ្នា តាមរូបភាពយកលុយពីជនរងគ្រោះ យកទៅរត់ការដើម្បីដោះលែងបងប្រុស របស់ជនរងគ្រោះ ដែលត្រូវបានចាប់ឃាត់ខ្លួន ដោយសមត្ថកិច្ចនគរបាលអន្តរជាតិ Interpol នៅឯក្រសួងមហាផ្ទៃ កាលពីអំឡុងខែមករា ឆ្នាំ២០២២។

ក៏ប៉ុន្តែបន្ទាប់ពីទទួលលុយ ពីជនរងគ្រោះ ដូចចំនួនខាងលើនេះ ជនជាប់ចោទ ដែលអួតអាងថា ខ្លួនស្គាល់សុទ្ធតែអ្នកធំៗខ្មែរ ធ្វើការនៅក្រសួងមហាផ្ទៃនោះ បែរជាមិនអាចជួយជនរងគ្រោះបានទៅវិញ។ 

ហើយនៅពេលការងារមិនជោគជ័យ ជនរងគ្រោះបានទារប្រាក់មកវិញ តែជនជាប់ចោទបែជាបង្វិលលុយនោះ ទៅទូរទាត់នឹងថ្លៃជំពាក់ ដែលជនរងគ្រោះ ធ្លាប់ខ្លីលុយខ្លួនពីមុនទៅវិញ ដែលជាហេតុធ្វើអោយជនរងគ្រោះខឹង និងបានប្តឹងគាត់ ទៅសមត្ថកិច្ចនគរបាល ដែលឈានទៅដល់ការចាប់ខ្លួនគាត់ កាលពីថ្ងៃទី៣ ខែមីនា ២០២២កន្លងទៅនេះ។

លោក កី ម៉ាណេរ៉ា ជាចៅក្រមជំនុំជម្រះ បានថ្លែងឱ្យដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះ Park Bong Jae ភេទប្រុស អាយុ ៣៨ឆ្នាំ។

ចំណែកឯ ជនរងគ្រោះ មានឈ្មោះ Chung Sung Ho ភេទប្រុស មុខរបរពាណិជ្ជករ ជនជាតិកូរ៉េខាងត្បូង។

ជនជាប់ចោទត្រូវបានតំណាងអយ្យការ ចោទប្រកាន់ពីបទ ឆបោក និងស្នាក់នៅក្នុងប្រទេសកម្ពុជា ដោយខុសច្បាប់ និងត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២។

សំណុំរឿងក្តីនេះ  លោកចៅក្រម បានលើកពេលប្រកាសសាលក្រម នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២៕ ដោយ: លីហ្សា

To Top