ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជួយសម្រួលឱ្យប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស ចុះឈ្មោះបោះឆ្នោតមុនគេ ឆាប់បានវិលត្រឡប់ទៅបំពេញការងារនៅក្រៅប្រទេសវិញ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប នាថ្ងៃទី១៩ តុលា នេះ ស្ដីពីកិច្ចប្រជុំផ្សព្វផ្សាយអំពីការបេីកដំណេីរការ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ បានឱ្យដឹងថា ចំពោះប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅក្រៅប្រទេស អាចចុះឈ្មោះបោះឆ្នោតបាន គឺពួកគាត់ត្រូវតែវិលមកប្រទេសកម្ពុជា ដើម្បីចុះឈ្មោះបោះឆ្នោតក្នុងឃុំ សង្កាត់ ដែលគាត់រស់នៅ ស្របតាមឯកសារដែលគាត់មាន។
ប្រភពដដែល បានបញ្ជាក់ថា “គ.ជ.ប ជួយសម្រួល ដើម្បីឱ្យពួកគាត់បានចុះឈ្មោះមុនគេឆាប់បានវិលត្រឡប់ទៅបំពេញ ការងារវិញ។ គ.ជ.ប នឹងធ្វើការអំពាវនាវផងដែរ ដើម្បីឱ្យគាត់បានទទួលព័ត៌មានអំពីការចុះឈោ្មះបោះឆ្នោតនេះ។
គ.ជ.ប បន្ថែមថា ចំពោះអ្នកគ្មានអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរប្រើសម្រាប់ចុះឈ្មោះបោះឆ្នោត សូមទៅស្នើសុំធ្វើឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឱ្យការចុះឈ្មោះបោះឆ្នោត នៅសាលាឃុំ សង្កាត់ ដែលពួកគាត់កំពុងរស់នៅ និងត្រូវ បោះឆ្នោត។
នាកាសនោះដែរ លោក មាន សទិ សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ បានឱ្យដឹងថា ប្រជាពលរដ្ឋខ្មែររស់នៅក្នុងឃុំ សង្កាត់ ដែលមានអាយុយ៉ាងតិច ១៨ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ (ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣) គឺអ្នកកើតមុន ឬត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៥ ហើយដែលមិនទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៃឃុំ សង្កាត់ ដែលខ្លួនកំពុងរស់នៅ អាចសុំចុះឈ្មោះបោះឆ្នោតបាន។
សូមបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ មានរយៈពេល ៥០ថ្ងៃ គឺចាប់ពី ថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២។ ការចុះឈ្មោះបោះឆ្នោត ត្រូវធ្វើការជារៀងរាល់ថ្ងៃ រួមទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៅតាមសាលាឃុំ សង្កាត់ និងទីតាំងមួយចំនួនក្នុងឃុំ សង្កាត់៕