សុខភាព៖ ភាគច្រើននៃពួកយើងសុទ្ធតែស្គាល់ និងចូលចិត្តទទួលទានផ្លែឪឡឹក ប៉ុន្តែធ្លាប់ឆ្ងល់ឬអត់ ថាតើស្ត្រីមានផ្ទៃពោះអាច ញ៉ាំផ្លែឈើនេះបានដែរទេ? ហើយចំពោះស្ត្រីជាម្ដាយវិញ កំពុងបារម្ភថាការទទួលទានឪឡឹក អាចបង្កគ្រោះថ្នាក់គួរឲ្យ ព្រួយបារម្ភចំពោះទារកក្នុងផ្ទៃឬ?
ទោះជាយ៉ាងណា វេជ្ជបណ្ឌិតមួយចំនួនធំនឹងប្រាប់ថា ការទទួលទានឪឡឹក កំឡុងពេលមានផ្ទៃពោះ គឺប្រសើរណាស់ ក៏ព្រោះផ្លែឈើនេះមានផ្ទុកសម្បូរ ទៅដោយសារធាតុចិញ្ចឹម ប៉ុន្តែក៏កុំទទួលទានច្រើនលើសពេក ។
ខាងក្រោមនេះជាអត្ថប្រយោជន៍ ដ៏គួរឲ្យភ្ញាក់ផ្អើលនៃការទទួលទាន ឪឡឹកកំឡុងពេលមានផ្ទៃពោះ៖
១.កាត់បន្ថយអាការៈក្រហាយទ្រូង៖ ជាទូទៅស្ត្រីមានផ្ទៃពោះ គឺតែងប្រឈមមុខនឹងបញ្ហា នៃការរំលាយអាហារដែលបណ្ដាលឲ្យ មានអាការៈក្រហាយទ្រូង ឬច្រាលទឹកអាស៊ីតក្រពះ។ ផ្លែឪឡឹក មានប្រសិទ្ធិភាពកម្ចាត់នូវបញ្ហាទាំងនេះ បានដោយជួយក្នុងការសម្រួល ដំណើរការនៃបំពង់អាហារ និងក្រពះ។ ការទទួលទានឪឡឹកអាចជួយ ធ្វើឲ្យបញ្ហាក្រហាយទ្រូងបាត់ ទៅវិញយ៉ាងឆាប់រហ័ស ។
២.កាត់បន្ថយការហើម៖ ការហើមដៃ និងជើង តែងកើតឡើងជាទូទៅ កំឡុងពេលមានផ្ទៃពោះ។ បរិមាណនៃជាតិទឹកខ្ពស់ក្នុង ផ្លែឪឡឹកកាត់បន្ថយការស្ទះក្នុងសសៃឈាម និងសាច់ដុំ ដូច្នេះបញ្ហានៃការ ហើមត្រូវបានព្យាបាល។
៣.បំបាត់អាការៈចាញ់កូន៖ ទទួលទានទឹកឪឡឹកស្រស់មួយកែវ នៅព្រឹកព្រលឹម គឺល្អបំផុតកំឡុងពេលមានផ្ទៃពោះ។ ឪឡឹកជួយធ្វើឲ្យអារម្មណ៍ ស្រស់ស្រាយមាន ថាមពលពេញមួយថ្ងៃ និងថែមទាំងជួយបំបាត់ កាត់បន្ថយអាការៈចាញ់កូនខ្លាំងផងដែរ ។
៤. ទប់ស្កាត់បញ្ហាខ្សោះជាតិទឹក៖ ការខ្សោះ ឬខ្វះជាតិទឹកក្នុងរាងកាយ ជាមូលហេតុ ចម្បងមួយ ដែលបង្កឲ្យមានបញ្ហាទារកកើតមិនគ្រប់ខែ ឬសម្រាលមុនពេលកំណត់។ ស្ត្រីមានផ្ទៃពោះគួរទទួលទានទឹក ឲ្យបានច្រើនគ្រប់គ្រាន់ដើម្បី ទប់ស្កាត់បញ្ហាខ្សោះ ឬខ្វះជាតិទឹកក្នុងរាងកាយ។ ឪឡឹកមានផ្ទុកជាតិទឹកដល់ទៅ ៩០ភាគរយ ដូច្នេះការទទួលទានវាជាវិធីដ៏ងាយ ហើយល្អបំផុត ដើម្បីជៀសផុតពីបញ្ហាខ្សោះជាតិទឹក។
៥.សម្រាលអាការៈរមួលសាច់ដុំ៖ រាងកាយនៃស្ត្រីមានផ្ទៃពោះ ឆ្លងកាត់ការផ្លាស់ប្ដូរប្រែប្រួលច្រើន។ ការកើនឡើងនូវទម្ងន់ និងអ័រម៉ូន អាចជាមូលហេតុបង្កឲ្យ មានការឈឺចាប់សាច់ដុំ ក៏ដូចជាឆ្អឹង។ ការរួមបញ្ចូលឪឡឹកក្នុង របបអាហារមានប្រសិទ្ធិភាព ជួយដោះស្រាយបញ្ហានេះ គួរឲ្យកត់សម្គាល់។
៦.បន្សាបជាតិពុល៖ ឪឡឹក មានផ្ទុកសារធាតុ diuretic ដែលជួយកម្ចាត់ជាតិពុល គ្រោះថ្នាក់ចេញពីរាងកាយ។ វាក៏ជួយជម្រុញមុខងារតម្រងនោម, បន្សាបជាតិពុលក្នុងថ្លើម និងកាត់បន្ថយកម្រិតនៃ ជាតិអាស៊ីតអ៊ុយរិកក្នុងឈាមផងដែរ។
៧.បង្កើនថាមពល៖ ឪឡឹក ជាប្រភពដ៏ប្រសើរនៃជាតិរ៉ែល្អៗដូចជា វីតាមីន A, វីតាមីន B1, វីតាមីន B6, ប៉ូតាស្យូម និងម៉ង់កាណែស ដែលជួយបង្កើនផ្ដល់ថាមពលតាម បែបធម្មជាតិដល់រាងកាយ។ សារធាតុទាំងអស់នេះក៏ប្រសើរ សម្រាប់ទារកក្នុងផ្ទៃផងដែរ ។
៨.ទប់ស្កាត់ជំងឺក្រឡាភ្លើង៖ ឪឡឹក មានផ្ទុកកម្រិត lycopene ខ្ពស់ដែលជួយកាត់បន្ថយ ហានិភ័យនៃជំងឺក្រឡាភ្លើង កំឡុងពេលមានផ្ទៃពោះ ៕
ប្រភព៖ www.health.com.kh