ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី ពិភាក្សាតាមទូរស័ព្ទ ដ៏កម្រជាមួយសមាជិក របស់ណាតូ លើបញ្ហាអ៊ុយក្រែន

បរទេស៖ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu កាលពីថ្ងៃអាទិត្យបានធ្វើការហៅទូរស័ព្ទដ៏កម្រជាមួយសមភាគីណាតូ ដោយបានពិភាក្សាអំពីអ៊ុយក្រែន។

យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមក្រសួងការពារជាតិរុស្ស៊ីថា “ស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែនដែលមាននិន្នាការស្ថិរភាពឆ្ពោះទៅរកការកើនឡើងបន្ថែមទៀតដែលមិនអាចគ្រប់គ្រងបានត្រូវបានពិភាក្សា” ដោយលោក Shoigu និងរដ្ឋមន្ត្រីការពារជាតិបារាំង Sebastien Lecornu ។

ក្រោយមកនៅថ្ងៃអាទិត្យ ក្រសួងបាននិយាយថា លោក Shoigu បានសន្ទនាតាមទូរស័ព្ទ ជាមួយសមភាគីតួកគីលោក Hulusi Akar និងរដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោក Ben Wallace។ នៅក្នុងការហៅទូរស័ព្ទទាំងបីនេះ លោក Shoigu រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី បានបង្ហាញពី “ការព្រួយបារម្ភអំពីការបង្កហេតុ ដែលអាចកើតមានដោយអ៊ុយក្រែន ជាមួយនឹងការប្រើប្រាស់ “គ្រាប់បែកវិទ្យុសកម្ម” ។

ក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Wallace “បដិសេធ” ការអះអាងដែលថា បណ្តាប្រទេសលោកខាងលិច បានព្យាយាមជួយអ៊ុយក្រែន បង្កើនជម្លោះ និង “បានព្រមានថា ការចោទប្រកាន់បែបនេះមិនគួរត្រូវបានប្រើជាលេស សម្រាប់ការកើនឡើងកាន់តែខ្លាំងនោះទេ” ៕ ប្រែសម្រួលៈ ណៃ តុលា

To Top