បរទេស៖ រដ្ឋមន្ត្រីការពារជាតិ របស់ប្រទេសអ៊ុយក្រែន បាននិយាយថា ជម្លោះនៅអ៊ុយក្រែន ផ្តល់ឱ្យអ្នកផលិតអាវុធ លោកខាងលិច នូវឱកាសដើម្បីមើលថា តើផលិតផលណា ដែលល្អបំផុត នៅក្នុងការប្រយុទ្ធ ពិតប្រាកដ ប្រឆាំងនឹងរុស្ស៊ី។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Aleksey Reznikov រដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែន បានពន្យល់ថា “យើងមានកន្លែងសាកល្បង ប្រយុទ្ធនៅអ៊ុយក្រែន ក្នុងអំឡុងសង្គ្រាមនេះ” ។ យើងមានប្រព័ន្ធកាំភ្លើងធំ 155 មីលីម៉ែត្រចំនួន៨ផ្សេងគ្នា នៅក្នុងទីលាន ដូច្នេះវាដូចជាការប្រកួតប្រជែង រវាងប្រព័ន្ធអាវុធ ដើម្បីមើលថា តើមួយណាដែលល្អបំផុត។
ការលើកឡើងនេះបានធ្វើឡើង ក្នុងបទសម្ភាស ជាមួយសារព័ត៌មាន Politico ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ។ គំនិតនៃមូលដ្ឋានសាកល្បងនេះ ត្រូវបានបង្ហាញពីមុនដោយអនុប្រធានរបស់លោក Reznikov គឺ លោក Vladimir Gavrilov ដែលបានអះអាងថា អ្នកម៉ៅការផ្នែកការពារជាតិ អាមេរិក មួយចំនួន កំពុងធ្វើការសាកល្បងគំរូ របស់ពួកគេនៅក្នុងប្រទេសអ៊ុយក្រែន។
លោក Reznikov បាននិយាយថា រដ្ឋាភិបាលទីក្រុងគៀវ រំពឹងថា ជំនួយយោធាពីសមាជិកណាតូ នឹងបន្តហូរចូលប្រទេសអ៊ុយក្រែន អស់រយៈពេលជាច្រើនឆ្នាំ ហើយចង់ទទួលបានអត្ថប្រយោជន៍ បន្ថែមទៀតពីវា ។ ជាឧទាហរណ៍ អ៊ុយក្រែនអាចចាប់ផ្តើមបណ្តាក់ទុន រួមគ្នាជាមួយប៉ូឡូញ ចក្រភពអង់គ្លេស ឬអាល្លឺម៉ង់ ដើម្បីផលិតអាវុធ៕
ប្រែសម្រួលៈ ណៃ តុលា