ព័ត៌មានអន្តរជាតិ

Update៖ ប្រធានាធិបតីហ្វីលីពីន បញ្ជាឲ្យផ្តល់ជំនួយបន្ទាន់ ក្រោយពីមានព្យុះត្រូពិច Nalgae បានសម្លាប់មនុស្សអស់៤៥នាក់

ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ថា នៅថ្ងៃសៅរ៍ លោក Ferdinand Marcos Jr កាលប្រធានាធិបតីហ្វីលីពីន បានបញ្ជាឱ្យចែកចាយជំនួយជាបន្ទាន់ នៅក្នុងខេត្តភាគខាងត្បូង ដែលរងគ្រោះដោយសារការបាក់ដី ដែលបានបង្កឡើងដោយព្យុះត្រូពិច Nalgae និងបានសម្លាប់មនុស្សអស់៤៥នាក់ នៅទូទាំងប្រទេសរហូតមកដល់ពេលនេះ ។

នៅថ្ងៃសៅរ៍ ភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោកខ្លាំងបានវាយលុករដ្ឋធានីម៉ានីល និងតំបន់ជុំវិញភាគច្រើន ខណៈដែល ព្យុះ Nalgae បានបង្ខំឲ្យមនុស្សរាប់ម៉ឺននាក់ ឱ្យចាកចេញពីផ្ទះរបស់ពួកគេ និងរំខានដល់ការធ្វើដំណើរកម្សាន្ត ក្នុងប្រទេសភាគច្រើន ។

គួរបញ្ជាក់ថា ព្យុះ Nalgae គឺជាព្យុះស៊ីក្លូនដ៏សាហាវបំផុតទី២ដែលបានវាយប្រហារប្រទេសហ្វីលីពីន នៅក្នុងឆ្នាំនេះ ដោយទីភ្នាក់ងារគ្រោះមហន្តរាយបានរាយការណ៍ថា មានមនុស្សស្លាប់ចំនួន៤៥នាក់ ដែលភាគច្រើននៅក្នុងខេត្ត Maguindanao ដែលរងគ្រោះខ្លាំង ។ មនុស្ស៣៣នាក់ផ្សេងទៀតបានរងរបួស និង១៧នាក់កំពុងបាត់ខ្លួន ។

លោក Marcos បានថ្លែងងនៅក្នុងសន្និសីទខ្លីមួយ ជាមួយមន្ត្រីគ្រោះមហន្តរាយថា “យើងអាចធ្វើបានប្រសើរជាងមុននៅក្នុង ខេត្ត Maguindanao ទាក់ទងនឹងការរៀបចំ ។ ការស្លាប់គឺមានចំនួន៤០នាក់ ជាមួយនឹងមនុស្ស១០នាក់ បានបាត់ខ្លួននៅទីនោះគឺខ្ពស់ពេក” ។

លោកបានបញ្ជាឱ្យចែកចាយទឹកស្អាត និងប្រព័ន្ធបន្សុតទឹកជាបន្ទាន់ទៅកាន់ខេត្ត និងផ្នែកផ្សេងទៀតនៃភាគខាងត្បូងប្រទេសហ្វីលីពីនដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ។

នៅក្នុងតំបន់រដ្ឋធានីរបស់ប្រទេស ដែលរួមមានទីក្រុងម៉ានីល និងទីក្រុងផ្សេងទៀត ទឹកជំនន់បានជំរុញឱ្យអាជ្ញាធរផ្អាកថ្នាក់រៀន និងព្រឹត្តិការណ៍កីឡាផងដែរ ។

ក្រសួងដឹកជញ្ជូនបានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍បានលុបចោលជើងហោះហើរក្នុងស្រុក និងអន្តរជាតិចំនួន១១៦ទៅកាន់ និងចាកចេញពីច្រកទ្វារសំខាន់របស់ប្រទេសហ្វីលីពីន ដែលបានបញ្ឈប់ប្រតិបត្តិការពីម៉ោង៨និង០០នាទីដល់ម៉ោង ១៤និង០០នាទីម៉ោងសកល ដោយសារខ្យល់បក់ខ្លាំងពេក ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top