ព័ត៌មានអន្តរជាតិ

ជនសង្ស័យ ដែលយកញញួរវាយក្បាលស្វាមី ប្រធានសភាអាមេរិក Nancy Pelosi ប្រឈមមុខជាប់ពន្ធនាគារ ៥០ឆ្នាំ

បរទេស៖ ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi គឺជាគោលដៅពិតប្រាកដរបស់ជនសង្ស័យ David DePape ដែលជាបុរសម្នាក់ដែលបាន វាយក្បាលរបស់ស្វាមីលោកស្រី គឺលោក Paul ដោយញញួរ។ DePape ប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ៥០ ឆ្នាំពីបទរំលោភបំពាន សមាជិកគ្រួសាររបស់មន្ត្រីម្នាក់ និងប៉ុនប៉ងចាប់ពង្រត់មន្ត្រីសហព័ន្ធ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា សារព័ត៌មាន Fox News បានរាយការណ៍ដោយដកស្រង់ ប្រភពនៅក្នុងការអនុវត្តច្បាប់ អន្តោប្រវេសន៍ថា ជនសង្ស័យក៏ហាក់ដូចជា នៅសហរដ្ឋអាមេរិក ដោយខុសច្បាប់ផងដែរ។

DePape អាយុ ៤២ ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីសប្តាហ៍មុន បន្ទាប់ពីប៉ូលីសបានរកឃើញ គាត់ប្រយុទ្ធគ្នាជាមួយ លោក Paul Pelosi នៅផ្ទះនៅ San Francisco ។

ជនសង្ស័យត្រូវបានគេរាយការណ៍ថា បានវាយទៅលើក្បាលប្តីលោកស្រី Pelosi ដោយញញួរ ដែលបានបណ្តាលឱ្យ ប្ដីលោកស្រីដែលមានអាយុ ៨២ ឆ្នាំ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីធ្វើការវះកាត់ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top