ព័ត៌មានជាតិ

មន្ត្រីរដ្ឋបាលខណ្ឌ៧មករាម្នាក់ ត្រូវបានដកបញ្ឈរជើង និងផ្អាកប្រាក់ខែ ៦ខែ បន្ទាប់ពីប្រើហិង្សា លើអ្នករើសអេតចាយ

ភ្នំពេញ៖ លោក ឆាំ ឆាន មន្ត្រីរដ្ឋបាលខណ្ឌ ៧មករា ត្រូវបានដកបញ្ឈរជើង ផ្អាកប្រាក់ខែរយៈពេល ៦ខែ និងដាក់ពិន័យ ទៅតាមច្បាប់ បន្ទាប់ពីប្រើហិង្សាទៅលេី អ្នករើសអេតចាយ ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខណ្ឌ៧មករា បានឲ្យដឹងថា នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៣៖៣០នាទីរសៀល ក្រុមការងារចំនួន ៤នាក់ បានចុះរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍លើ កំណាត់ផ្លូវលេខ១៦៤ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ដែលមានការចតយានជំនិះ រទេះអេតចាយ និងរទេះលក់ទំនិញ ផ្សេងៗលើទ្រូងថ្នល់នៃកំណាត់ផ្លូវនេះ។

ក្នុងកំឡុងពេលនៃការរៀបចំសណ្តាប់ធ្នាប់នេះ ក្រុមការងារបានផ្សព្វផ្សាយ ណែនាំតាមឧយ្យោសនសព្ទឱ្យម្ចាស់យានជំនិះ និងរទេះដែលចតលើកំណាត់ផ្លូវ១៦៤ ឱ្យយកយានជំនិះ និងរទេះរបស់ខ្លួនចេញ ដើម្បីសម្រួលដល់ការ ធ្វើចរាចរណ៍បានល្អប្រសើ រំពេចនោះក៏មានយុវជនម្នាក់ ដែលជាម្ចាស់រទេះអេតចាយ បានធ្វើសកម្មភាពជេរប្រមាថ មកលើក្រុមការងារ ដោយមិនព្រមយករទេះចេញពីលើទ្រូងថ្នល់ ហើយក្រុមការងារក៏បាន ព្យាយាមនាំយករទេះ និងយុវជនម្នាក់នោះមកអប់រំ។

ប៉ុន្តែយុវជនជាម្ចាស់រទេះអេតចាយនោះមិនព្រម ថែមទាំងបន្តជេរប្រមាថមកលើក្រុមការងារ ក៏បានកើតមានការ ប្រតាយប្រតប់គ្នាទៅវិញទៅមក រហូតដល់មានការ ប្រើអំពើហិង្សារបន្តិចបន្តួច ។

ក្រោយកើតហេតុ រដ្ឋបាលខណ្ឌបានជួប ជាមួយយុវជនជាម្ចាស់រទេះអេតចាយ ជាមួយគ្នានេះដែរយុវជនរូបនោះ បានសុំទោស និងទទួលស្គាល់កំហុស ហើយមិនមានការប្តឹងផ្តល់អ្វីឡើយ។ ចំពោះក្រុមការងារដែលបានប្រព្រឹត្តកំហុស ឈ្មោះ ឆាំ ឆាន រដ្ឋបាលខណ្ឌបានធ្វើការអប់រំ ដាក់ពិន័យដោយបញ្ឈរជើង ផ្អាកប្រាក់ខែរយៈពេល៦ខែ និងដាក់ពិន័យ ទៅតាមច្បាប់ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តជាធរមាន ៕

To Top