វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ថា លោក John Kirby អ្នកនាំពាក្យមកពីសេតវិមាន បានលើកឡើងកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក មានព័ត៌មានដែលបង្ហាញថា ប្រទេសកូរ៉េខាងជើង កំពុងផ្គត់ផ្គង់ដោយសម្ងាត់ដល់ប្រទេសរុស្ស៊ី ជាមួយនឹងចំនួនគ្រាប់កាំភ្លើងធំ “ដ៏សំខាន់” សម្រាប់ធ្វើសង្គ្រាមរបស់ខ្លួន នៅអ៊ុយក្រែន ។
លោក Kirby បានប្រាប់ថា កូរ៉េខាងជើង កំពុងព្យាយាមបិទបាំងការនាំចេញ ដោយបញ្ជូនគ្រាប់កាំភ្លើងធំឆ្លងកាត់ប្រទេសនៅមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង ។
លោក Kirby បានបញ្ជាក់ថា “ការចង្អុលបង្ហាញរបស់យើងគឺថា កូរ៉េខាងជើងកំពុង ផ្គត់ផ្គង់ដោយសម្ងាត់ ហើយយើងនឹងត្រួតពិនិត្យមើល ថាតើ ការដឹកជញ្ជូនត្រូវបានទទួលឬអត់” ដោយបន្ថែមថា ក្រុងវ៉ាស៊ីនតោននឹងពិគ្រោះយោបល់ ជាមួយអង្គការសហប្រជាជាតិ (UN) លើបញ្ហាគណនេយ្យភាពលើការដឹកជញ្ជូន ។
លោក Kirby បានលើកឡើងថា “យើងមានការយល់ដឹងអំពីកន្លែងដែលពួកគេនឹង ផ្ទេរសំបកគ្រាប់ទាំងនេះ” ប៉ុន្តែបានបដិសេធមិនផ្តល់ព័ត៌មានbលម្អិតបន្ថែមទៀតទេ ដោយសារសហរដ្ឋអាមេរិក ថ្លឹងថ្លែងពីជម្រើសដែលអាចធ្វើទៅបាន ។
លោក Ned Price អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានលើកឡើងនៅក្នុង សន្និសីទសារព័ត៌មានមួយ ដោយបានស្នើថា ការដាក់ទណ្ឌកម្មគឺស្ថិតក្នុង ចំណោមជម្រើស ដូចជាក្នុងករណីដែលអ៊ីរ៉ង់ ផ្តល់អាវុធដល់រុស្ស៊ី ។
លោកបានថ្លែងថា “ដូចដែលយើងកំពុងប្រើគ្រប់ឧបករណ៍ ហើយនឹងប្រើគ្រប់ឧបករណ៍ ដើម្បីប្រឆាំងនឹងការផ្តល់អាវុធរបស់អ៊ីរ៉ង់ដល់រុស្ស៊ី យើងនឹងធ្វើដូចគ្នានៅគ្រាដែលបានលើកឡើងអំពីការផ្តល់អាវុធរបស់ កូរ៉េខាងជើងដល់រុស្ស៊ី” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា