“ចិននិងប៉ាគីស្ថានជាមិត្តល្អ ដៃគូល្អនិងបងប្អូនល្អ ។” កាលពីថ្ងៃទី២ ខែវិចិ្ឆកា ពេលជួបសន្ទនា ជាមួយលោក Shahbaz Sharif នាយករដ្ឋមន្ត្រីប៉ាគីស្ថាន ដែលអញ្ជើញទៅបំពេញ ទស្សនកិច្ចជាផ្លូវការ នៅប្រទេសចិន លោកប្រធានរដ្ឋ ចិន Xi Jinping បានកោតសរសើរ ចំពោះមិត្តភាពដូចដែកថែប រវាងចិននិងប៉ាគីស្ថាន ។
លោក Shahbaz Sharif នាយករដ្ឋមន្ត្រីប៉ាគីស្ថាន ជាមេដឹកនាំបរទេសមួយរូប ក្នុងចំណោមមេដឹកនាំ បរទេសដំបូងគេបង្អស់ ដែលទៅបំពេញទស្សនកិច្ច នៅប្រទេស ចិន តាមការអញ្ជើញ បន្ទាប់ពីបញ្ចប់សមាជបក្ស កុម្មុយនីស្តចិន លើកទី២០ ។ កិច្ចជំនួបលើកនេះបានបង្ហាញ យ៉ាងពេញលេញនូវមិត្តភាព ប្រពៃណី រវាងចិននិងប៉ាគីស្ថាន ការកសាងទំនុកចិត្តគ្នា ខាងយុទ្ធសាស្ត្រ និង គំនិតឯកភាពរួមយ៉ាងទូលំទូលាយ ដែលបានគ្រោងផែនទី បង្ហាញផ្លូវដ៏ច្បាស់លាស់ អំពីការអភិវឌ្ឍទំនាក់ទំនង រវាងចិននិងប៉ាគីស្ថាន ។
តើទំនាក់ទំនងរវាងចិន និងប៉ាគីស្ថាន មានភាពជិតស្និទ្ធដល់កម្រិត យ៉ាងណា? ពីការដែលភាគីប៉ាគីស្ថាន រួមវិភាគទានម៉ាសដែលស្តុកទុកក្នុងឃ្លាំង មន្ទីរពេទ្យទូទាំងប្រទេស ជូនដល់ប្រទេសចិន នៅពេល ផ្ទុះជំងឺកូវីដ១៩ នៅដើមឆ្នាំ២០២០ ដល់ការដែលភាគីចិន ផ្តល់ជំនួយឧបត្ថម្ភជាបន្ទាន់ របស់រដ្ឋាភិបាលទាំងមូល និងសង្គមទាំងមូល ដោយគ្រប់ជ្រុងជ្រោយ បន្ទាប់ពីកើតគ្រោះទឹកជំនន់នៅប៉ាគីស្ថាន នៅខែមិថុនាឆ្នាំនេះ ។ល។ រឿងជាច្រើនបានបញ្ជាក់ថា មិត្តភាពរវាងចិននិង ប៉ាគីស្ថានជាចំណងមិត្ត ភាពប្រកប ដោយសីលធម៌ និងជាចំណងមិត្តភាព ដែលរួមសុខរួមទុក្ខក្នុង គ្រាលំបាក អាចនិយាយបានថា ជាគំរូនៃការរាប់អានគ្នា រវាងប្រទេស និងប្រទេស ។
បច្ចុប្បន្ននេះ ការវិនិយោគសរុបនៃរបៀងសេដ្ឋកិច្ច ចិន-ប៉ាគីស្ថានបានលើសពី២ម៉ឺន៥ពាន់លាន ដុល្លារអាមេរិក ដែលបានបង្កើត ឱកាសការងារចំនួន១សែន៥ម៉ឺន ដល់ភាគីប៉ាគីស្ថានដោយផ្ទាល់។ តាមការប៉ាន់ប្រមាណ របស់លោក Mehmood Ul Hassan Khan ប្រធានមជ្ឈមណ្ឌលសិក្សា ស្រាវជ្រាវពីអាស៊ីខាងត្បូង និងអន្តរជាតិរបស់ប៉ាគីស្ថានឱ្យដឹង ថា កំណើន GDP យ៉ាងជាក់លាក់ដែលនាំ មកដោយការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ នឹងមានអំណោយផល ដល់ការនាំឱ្យជនជាតិប៉ាគីស្ថាន ចំនួន១លាន១សែននាក់ បម្រះខ្លួនចេញផុត ពីភាពក្រីក្រជ្រុលហួសមុនពេលឆ្នាំ២០៣០ ។
ក្នុងអំឡុងពេលជំនួបពិភាក្សា លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើង នូវសំណូមពរជាក់ស្តែង អំពីការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ប្រកបដោយគុណភាពខ្ពស់ ក្នុងដំណាក់កាលក្រោយរវាងចិន និង ប៉ាគីស្ថាន បូករួមទាំង “ភាគីទាំងពីរត្រូវប្រើប្រាស់ ឱ្យបានល្អនូវយន្តការគណៈកម្មាធិការ សហប្រតិបត្តិការរួមនៃរបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន”និង “ត្រូវពន្លឿនការជំរុញ កិច្ចកសាងហេដ្ឋារចនាសម្ព័ន្ធ នៃកំពង់ផែ Gwadar ”។ល។ អ្នកផងទាំងពួង អាចទទួលអារម្មណ៍ យ៉ាងជ្រាលជ្រៅ ពីការយកចិត្តទុកដាក់ខ្ពស់ របស់ភាគីចិន ចំពោះកិច្ចសហប្រតិបត្តិការ រវាងចិននិងប៉ាគីស្ថាន និងមនោសញ្ចេតនា ដ៏ពិតប្រាកដនិងភាពស្មោះត្រង់ ក្នុងការរីករាយអភិវឌ្ឍ ជាមួយភាគីប៉ាគីស្ថាន ។
ក្នុងជំនួបពិភាក្សា លោក Shahbaz Sharif នាយករដ្ឋមន្ត្រីប៉ាគីស្ថាន បានសម្តែងការគាំទ្រយ៉ាងពេញទំហឹង ចំពោះគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល និងគំនិតផ្តួចផ្តើមសន្តិសុខ សកល ដែលលើកឡើងដោយលោក ប្រធានរដ្ឋចិន Xi Jinping ។ ហើយភាគីចិនក៏បានកំណត់ប៉ាគីស្ថានថា ជាដៃគូសហប្រតិបត្តិការ ជាអាទិភាពនៃគំនិត ផ្តួចផ្តើមអភិវឌ្ឍន៍សកល ។ នេះនឹងបំពេញបន្ថែមភាព ប្រាកដប្រជានិង ថាមពលវិជ្ជមានក្នុងវិបុលភាព និងស្ថិរភាពនៃអាស៊ីខាងត្បូង ក៏ដូចជាការអភិវឌ្ឍ និងសន្តិភាពនៃពិភពលោក ។
លោក Shahbaz Sharif នាយករដ្ឋមន្ត្រីប៉ាគីស្ថាន បានលើកឡើងក្នុងអត្ថបទ ដែលចេញផ្សាយនៅប្រព័ន្ធ សារព័ត៌មានរបស់ចិន មុនពេលបំពេញទស្សនកិច្ច នៅប្រទេសចិនថា “ចំណងមិត្តភាពប៉ាគីស្ថាន-ចិន គឺមានទំនុកចិត្តនិងក្តីស្រឡាញ់ ជារៀងរហូត ។” សមិទ្ធផលជាផ្លែផ្កា ដែលទទួលបានក្នុងដំណើរទស្សនកិច្ច របស់លោកលើកនេះ បានបញ្ជាក់ពី ពាក្យសម្តីនេះ យ៉ាងពេញលេញ ។ ពង្រឹងចំណងមិត្តភាពប្រពៃណី លើកកម្ពស់កម្រិតសហប្រតិបត្តិការ និងបង្កើតកម្លាំងចលករថ្មី ចិននិងប៉ាគីស្ថាន មុខជានឹងទទួលអនាគតកាន់ តែល្អបវរជាក់ជាមិនខាន ៕