ម៉ិកស៊ីកូ៖ សមាជិកព្រឹទ្ធសភាម៉ិកស៊ិក លោកស្រី Citlalli Hernandez Mora បានឲ្យដឹងថា ព្រឹទ្ធសភារបស់ប្រទេសម៉ិកស៊ិក បានថ្កោលទោសការបិទផ្លូវហិរញ្ញវត្ថុ និងពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងគុយបា។
ព្រឹទ្ធសភាក៏បានថ្កោលទោស ការចាត់តាំងរបស់ ទីក្រុងវ៉ាស៊ីនតោនថា គុយបា ជាអ្នកឧបត្ថម្ភភេរវកម្មអន្តរជាតិ ក៏ដូចជាចំណងជើងទី៣ នៃច្បាប់ Helms-Burton ដែលជាបទប្បញ្ញត្តិនៃច្បាប់សហព័ន្ធ ដែលត្រូវបានអនុម័ត ដោយសហរដ្ឋអាមេរិក ក្នុងឆ្នាំ១៩៩៦ ដើម្បីបង្កើនការហាមឃាត់ របស់ខ្លួន ប្រឆាំងនឹងគុយបា។
ចំណាត់ការនេះ បានកើតឡើងមួយថ្ងៃ បន្ទាប់ពីមហាសន្និបាតអង្គការ សហប្រជាជាតិ (UNGA) បានបោះឆ្នោតជាឯកច្ឆ័ន្ទជាលើកទី៣០ ជាប់ៗគ្នាក្នុងការពេញចិត្ត ចំពោះដំណោះស្រាយ ដែលអំពាវនាវឱ្យបញ្ចប់ការបិទផ្លូវ។
សមាជិកព្រឹទ្ធសភារបស់ម៉ិកស៊ិក បានសម្រេចចិត្ត “ដាស់តឿនដោយការគោរព ចំពោះសហរដ្ឋអាមេរិក ឱ្យគិតគូរពីអារម្មណ៍ ដែលបង្ហាញដោយប្រជាជាតិភាគច្រើនលើសលប់” ចំពោះការបិទផ្លូវលើគុយបា។
នៅក្នុងសុន្ទរកថាមួយ តំណាងអចិន្ត្រៃយ៍ របស់ប្រទេសម៉ិកស៊ិកប្រចាំ អង្គការសហប្រជាជាតិ លោក Juan Ramon de la Fuente បានឲ្យដឹងថា ការមិនយកចិត្តទុកដាក់ ជាបន្តបន្ទាប់ចំពោះ ដំណោះស្រាយ UNGA ទាំងនេះដោយសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខគឺ “មិនអាចទទួលយកបានដោយសាមញ្ញ ចំពោះច្បាប់អន្តរជាតិ និងបទប្បញ្ញត្តិធម្មនុញ្ញ គោលនយោបាយការបរទេស របស់ម៉ិកស៊ិក”។
ប្រធានាធិបតីម៉ិកស៊ិកលោក Andres Manuel Lopez Obrador កាលពីថ្ងៃព្រហស្បតិ៍ក៏បានសម្តែងការថ្កោលទោស ចំពោះការបិទផ្លូវរបស់លោក ដោយអំពាវនាវឱ្យសហរដ្ឋអាមេរិក ដកទណ្ឌកម្ម និងលើកកម្ពស់ទំនាក់ទំនង អន្តរជាតិឡើងវិញ៕
ប្រែសម្រួល ឈូក បូរ៉ា