ភ្នំពេញ៖ លោក ចាស្ទីន ទ្រូដូ(Justin Trudeau) នាយករដ្ឋមន្ត្រី នៃប្រទេសកាណាដា បានធ្វើការវាយតម្លៃខ្ពស់ ចំពោះវិធានការដែល សម្ដេចតេជោ ហ៊ុន សែន ប្រកាន់យក ចំពោះការឈ្លានពានរបស់រុស្ស៊ី លើប្រទេសអ៊ុយក្រែន និងវិធានការដើម្បីជួយមីយ៉ាន់ម៉ា ឲ្យវិលត្រឡប់មកស្ថានភាពដើមវិញ។
ថ្លែងនៅក្នុងកិច្ចសន្ទនា ជាមួយសម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២២ លោកចាស្ទីន ទ្រូដូ មានប្រសាសន៍គោរពអំណរគុណជូនចំពោះ សម្ដេចតេជោនាយករដ្ឋមន្រ្តី ចំពោះការទទួល និងអញ្ជើញលោកមកចូលរួម កិច្ចប្រជុំកំពូលអាស៊ាន នៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ ។
លោក ទ្រូដូ បានគូបញ្ជាក់ថា អាស៊ាននិងកាណាដា រួមទាំងប្រទេសកម្ពុជា គឺមានសក្ដានុពលខ្លាំង សម្រាប់កិច្ចសហប្រតិបត្តិការ លើវិស័យជាច្រើន ចំពោះទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា ស្ថិតនៅចំណុចកណ្ដាល នៃកិច្ចសហប្រតិបត្តិការរយៈពេលវែង ពិសេសទំនាក់ទំនងលើវិស័យពាណិជ្ជកម្ម ការទូត អប់រំ ការប្រែប្រួលអាកាសធាតុជាដើម។
សម្ដេចតេជោ បានស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការ ទាំងក្របខ័ណ្ឌអាស៊ាន ទាំងក្នុងក្របខណ្ឌទ្វេភាគី។
ឆ្លៀតក្នុងឱកាសនោះដែរ សម្ដេចតេជោ បានជម្រាបជូនលោក ទ្រូឌូ អំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ក្នុងការជួយដល់ប្រទេសអ៊ុយក្រែន លើការដោះមីនផងដែរ៕