ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននិងកំពុងដឹកនាំ គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូល G20 ក្រោមមូលបទ «ស្តារឡើងវិញទាំងអស់គ្នា ស្តារឡើងវិញ កាន់តែរឹងមាំ » ចាប់ពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី តបតាមការអញ្ជើញរបស់ លោក ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងតាមរយៈគេហទំព័រហ្វេសប៊ុកថា “តាមការគ្រោងទុក នៅក្នុងកិច្ចប្រជុំG20 ខ្ញុំនឹងថ្លែងបទអន្តរាគមន៍ក្នុងសម័យប្រជុំទី១ ស្តីពីសន្តិសុខស្បៀង និងថាមពល និងសម័យប្រជុំទី២ ស្តីពីបញ្ហាសុខភាព ដែលនឹងសង្កត់ធ្ងន់លើសារសំខាន់នៃពហុភាគី និយម និងកិច្ចសហការគ្នាឆ្ពោះទៅរកគោលដៅនៃការស្តារឡើងវិញប្រកបដោយចីរភាពក្រោយជំងឺរាតត្បាត Covid-19។ ក្នុងកំឡុងពេលស្នាក់នៅឥណ្ឌូនេស៉ី ខ្ញុំនឹងជួបជាមួយបណ្ដារមេដឹកនាំមួយចំនួននៅទីនោះផងដែរ”។
សម្ដេចតេជោ អរគុណដល់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធ ដែលបានយកចិត្តទុកដាក់ថែរក្សា សន្តិសុខសណ្ដាប់ធ្នាប់ និងរៀបចំបានយ៉ាងល្អ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និង៤១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កន្លងទៅនេះ ទទួលបានជោគជ័យជាប្រវត្តិសាស្ត្រ សម្រាប់កូនចៅតជំនាន់។
សម្ដេចតេជោនាយករដ្ឋមន្ត្រីជូនពរ បងប្អូនជនរួមជាតិ មាសុខភាពល្អចៀសផុត ពីជំងឺកូវីដ១៩៕