ឥណ្ឌូនេស៊ី ៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានធ្វើការផ្លាស់ប្ដូរយោបល់គ្នា លើបញ្ហាកោះតៃវ៉ាន់ ដោយលោក ស៊ី បានសង្កត់ធ្ងន់ថា សំណួរអំពីកោះ ដែលគ្រប់គ្រងដោយខ្លួនឯងគឺជា “បន្ទាត់ក្រហមដំបូង ដែលមិនត្រូវឆ្លងកាត់” ប៉ុន្តែបានយល់ព្រមបង្កើត “គោលការណ៍” ដើម្បីគ្រប់គ្រងរបស់ពួកគេ និង ការប្រកួតប្រជែងកាន់តែខ្លាំង ។
នៅក្នុងជំនួបកំពូល ដោយផ្ទាល់លើកដំបូង របស់មេដឹកនាំទាំងពីរ ដែលបានធ្វើឡើងនៅកោះបាលី របស់ប្រទេសឥណ្ឌូនេស៊ី លោក បៃដិន បានសម្តែងការជំទាស់ចំពោះ “សកម្មភាពបង្ខិតបង្ខំ និងកាន់តែខ្លាំងឡើងៗ” របស់ចិន ចំពោះតៃវ៉ាន់ ដោយលើកឡើងថា ពួកគេបានធ្វើឱ្យខូចសន្តិភាព និងស្ថិរភាព នៅទូទាំងច្រកសមុទ្រតៃវ៉ាន់ និងធ្វើឱ្យប៉ះពាល់ដល់វិបុលភាព ពិភពលោក នេះបើយោងតាមសេតវិមាន។
កិច្ចពិភាក្សាម៉ារ៉ាតុង របស់មេដឹកនាំ មានរយៈពេល ៣ម៉ោងកន្លះ នៅក្នុងកិច្ចប្រជុំមួយ នៅខាងក្រៅកិច្ចប្រជុំកំពូល ប្រចាំឆ្នាំ នៃក្រុមប្រទេស សេដ្ឋកិច្ចសំខាន់ៗ ចំនួន២០ នៅលើកោះរមណីយដ្ឋានឥណ្ឌូនេស៊ី ដែលបានធ្លាក់ចុះយ៉ាងគំហុក នៃទំនាក់ទំនង ចិន-អាមេរិក ជុំវិញដំណើរទស្សនកិច្ចកាល ពីខែសីហាទៅកាន់កោះតៃវ៉ាន់ ដោយប្រធានសភា អាមេរិកលោកស្រី Nancy Pelosi ជាមន្ត្រីជាន់ខ្ពស់លំដាប់ទី៣ នៅសហរដ្ឋអាមេរិក។
ប្រទេសចិន បានប្រតិកម្មយ៉ាងខ្លាំង ចំពោះដំណើរទស្សនកិច្ចកោះតៃវ៉ាន់ របស់លោកស្រី Pelosi ដោយធ្វើសមយុទ្ធយោធា ទ្រង់ទ្រាយធំ នៅជិតកោះ ប្រជាធិបតេយ្យ ដែលគ្រប់គ្រងដោយខ្លួនឯង និងផ្អាកការសន្ទនាទ្វេភាគី ក្នុងវិស័យជាច្រើន រួមទាំងការប្រែប្រួលអាកាសធាតុ និងការផ្លាស់ប្តូរ វិស័យការពារជាតិ ។
លោក បៃដិន បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន ក្រោយកិច្ចប្រជុំកំពូលថា លោកមើលឃើញថាមិនមាន “ការប៉ុនប៉ងជិតមកដល់” របស់ចិន ដើម្បីវាយប្រហារ កោះតៃវ៉ាន់នោះទេ ទោះបីជាសម្ពាធ របស់ទីក្រុងប៉េកាំង នៅលើកោះនេះ នៅតែបន្តក៏ដោយ។
ប្រទេសចិន និងតៃវ៉ាន់ ត្រូវបានគ្រប់គ្រងដោយឡែកពីគ្នា ចាប់តាំងពីពួកគេ បានបែកបាក់គ្នាក្នុងឆ្នាំ១៩៤៩ ដោយសារតែសង្គ្រាមស៊ីវិល។ ប្រទេសចិន ចាត់ទុកកោះតៃវ៉ាន់ជាខេត្តមួយ ដែលត្រូវបង្រួបបង្រួម ជាមួយដីគោកឡើងវិញ ដោយបង្ខំប្រសិនបើចាំបាច់៕