នយោបាយ

មន្រ្តីជាន់ខ្ពស់ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ពីររូប ស្នើសុំចូលរួម ជីវភាពនយោបាយ ជាមួយបក្សកាន់អំណាច

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ចំនួនពីររូប ក្នុងនោះរួមមានលោក យ៉ង សាំង កុមារ ប្រធានគណៈកម្មាធិការនាយក នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងលោក ឡឹក សុធារ អគ្គលេខាធិការរង និងជាអ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានស្នើសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដែលកំពុងគ្រប់គ្រងអំណាច។ 

បើតាមលិខិតស្នើសុំចូលរួម ជីវភាពនយោបាយនេះ លោកទាំងពីរ បានគូសបញ្ជាក់ពីមូលហេតុ ដែលនាំឱ្យលោកស្នើសុំចូលរួមជីវភាព នយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារពេញចិត្ត នឹងគោលនយោបាយ លើវិស័យកសិកម្ម ដែលសម្តេចតេជោ បានគូសបញ្ជាក់នាពេលថ្មីៗនេះ។ 

ក្នុងនោះមានគោលនយោបាយ លើកកម្ពស់ជីវភាពកសិករប្រកបដោយវិធានការជាក់ស្តែង ដូចជាគោលនយោបាយផលិតពូជស្រូវ សម្រាប់លក់ចែកជូនប្រជាពលរដ្ឋ ក្នុងតម្លៃសមរម្យ គោលនយោបាយ បាយកាត់បន្ថយថ្លៃដើម ផលិត គោលនយោបាយបង្កើនទុន ដល់ធានាគារអភិវឌ្ឍកសិកម្ម និងជនបទ ព្រមទាំងគោលនយោបាយ ដោះស្រាយបញ្ហាទីផ្សារកសិផលជាដើម។

លិខិតបញ្ជាក់ថា «ខ្ញុំបាទមានទំនុកចិត្តថា ការដាក់ចេញនូវគោលនយោបាយប្រាកដនិយមថ្មីនេះ គឺដូចគ្នាទៅនឹងចំណេះដឹង និងជំនាញ ឆន្ទៈ និងបទពិសោធន៍ការងារលើវិស័យកសិកម្មរបស់ខ្ញុំ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក យ៉ង សាំង កុមារ នៅក្នុងស្នើសុំចូលរួមជីវភាពនយោបាយនោះ។

ក្រៅតែពីការធ្វើលិខិតស្នើសុំ ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាហើយនោះ លោក យ៉ង សាំង កុមារ ក៏បានធ្វើលិខិតគោរព ជូនសម្តេចតេជោដាច់ដោយឡែកមួយទៀត ស្នើសុំចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសវិស័យស្រូវអង្ករ៕

To Top